ខេត្តព្រះសីហនុ៖ បុរសម្នាក់ បានក្លែងបន្លំស្លៀកពាក់ឯកសណ្ឋានជាមន្រ្តីនគរបាល រួចបានដើរទារយកប្រាក់ពីបងប្អូនប្រជាពលរដ្ឋដែលរកស៊ីលក់ដូរបន្តិចបន្តួចតាចចិញ្ចឹមផ្លូវបូរីកម្មករ ( ផ្លូវ CT ) ចាប់ពីចំណុចមុខគ្លីនិកដើមស្វាយ ដល់មុខផ្សារពាណិជ្ឋកម្ម ស្ថិតនៅក្រុមទី១២ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។តែយ៉ាងណា ក្រោយពីអាជ្ញាធរស៊ើបដឹង ក៏ធ្វើការចាប់ខ្លួនបុរសជើងល្អនេះ យកមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង ០៧ និង០០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

បុរសជើងល្អនេះ មានឈ្មោះ ភាង កុសល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរសន្តិសុខឯកជន (មុន្នីឯករាជ្យ) បច្ចុប្បន្នស្នាក់នៅក្រុមហ៊ុន សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានដើរយកប្រាក់ពីបងប្អូនប្រជាពលរដ្ឋដែលលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ។

ជនសង្ស័យបានឲ្យដឹងថា កន្លងមកគាត់ធ្លាប់បានដើរទារប្រាក់ពីប្រជាពលរដ្ឋក្នុងការលក់ដូរតាមចិញ្ចើមផ្លូវបូរីកម្មករ ចាប់តាំងពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ មកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានប្រាក់ជាបន្តបន្ទាប់ ហើយបានពាក់អាវ និងមួកនគរបាល ព្រមទាំងអះអាងប្រាប់អ្នកលក់ដូរថាខ្លួនជាសមត្ថកិច្ចថែមទៀត។

យោងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថា ជនសង្ស័យខាងលើ ដែលនគរបាលឃាត់ខ្លួននេះ រយ:ពេលកន្លងមក បានដើរយកប្រាក់ពីប្រជាពលរដ្ឋដែលលក់ដូរតាមចិញ្ចើមផ្លូវតាំងពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងមួយថ្ងៃបាន១១ ០០០រៀល ទៅ១៥០០០រៀលក្នុង១កន្លែង ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ជននេះធ្លាប់បានស្លៀកពាក់ឯកសណ្ឋានបន្លំធ្វើជានគរបាលនៅផ្សារពារណិជ្ជកម្ម ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ បានចាប់នាំយកមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការអប់រំ និងចុះកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបន្លំធ្វើជានគរបាលម្តងរួចមកហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕