ប្រិយមិត្តមួយចំនួនធំប្រហែលជាធ្លាប់សាកល្បងញ៉ាំនូវជ្រក់ជើងមាន់ដែលកំពុងទទួលបានការពេញនិយមខ្លាំង ជាពិសេសនាពេលបច្ចុប្បន្ន។ សម្រាប់អ្នកដែលចង់ជ្រាបច្បាស់ពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ជាប់មាត់នៃមុខម្ហូបមួយនេះ សូមតាមដាននៅវិធីធ្វើ និង គ្រឿងផ្សំដែលយើងនឹងចែករំលែកជូនដូចតទៅ៖

១. គ្រឿងផ្សំ៖
ទឹកត្រី អំបិល ប៊ីចេង
ស្ករត្នោត ២ ស្លាបព្រាបាយ
ជើងមាន់ ១ គីឡូ
ក្រូចឆ្មារ ៥ ផ្លែ (អាចថែមឬ ថយតាមចំណង់ចំណូលចិត្ត)
គល់ស្លឹកគ្រៃ ៥ ទៅ ៧ ដើម
រំដេង មួយកំណាត់តូច
ស្លឹកក្រូចសើច ៤ ទៅ ៥សន្លឹក (តាមចូលចិត្ត)
ម្ទេសស្រស់មួយចាន
ខ្ទឹមស ៣ ទៅ ៤មើម
ទឹកដោះគោខាប់ ឬ ស្ករស

២. របៀបធ្វើ៖
ជំហានទី១ត្រូវកាប់ជើងមាន់ជាបំណែកតូចៗ ស្រួលកាន់ញ៉ាំ និង ងាយចូលជាតិ។ រួចហាន់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និង រំដេងជាចំណិតស្ដើងៗ រួចបង់ចូលក្នុងទឹកក្ដៅដាំពុះ បន្ទាប់មកចាក់ជើងមាន់ចូលឆ្នាំងជាមួយគ្នា ហើយ បង់អំបិលចូលបន្ដិច ទុកចោលប្រមាណ២០នាទី។ បន្ទាប់មក លាយទឹកត្រីម្ទេស ដោយបុកខ្ទឹមស និង ម្ទេសចូលគ្នាឲ្យម៉ដ្ឋល្មម រួចលាយ ស្ករត្នោត ២ ស្លាបព្រាបាយ ទឹកត្រី ៣ ស្លាបព្រាបាយ ប៊ីចេង១ស្លាបព្រាបាយ ទឹកដោះគោខាប់ ១ ស្លាបព្រាបាយ និង ក្រូចឆ្មា ៥ ផ្លែ រួចចាក់ទឹកក្តៅ១ កូនចាន ហើយកូរចូលគ្នាឲ្យសព្វ។ វ៉ៃទឹកកកជាដុំតូចៗប្រមាណ ៣ទៅ៤ ផ្តិលចូលក្នុងឆ្នាំងថ្មីមួយ ចាក់ជើងមាន់ដែលបានស្រុះរួចចូល ដាក់ត្រាំវានឹងទឹកកកប្រមាណ ២០ នាទី។ ស្រង់ជើងមាន់ចេញ រួចវាចូលលាយគ្នាជាមួយនឹងទឹកត្រីម្ទេសដែលបានលាយគ្រឿងរួច កូរចូលគ្នាឲ្យសព្វ។ ចុងក្រោយ ចាក់ជើងមាន់ដែលលាយគ្រឿងរួច ចូលប្រអប់បិទជិតមួយ រួចក្លាស្សេក្នុងទូទឹកកកឲ្យវាត្រជាក់តិចៗ ជាការស្រេច៕