បរទេស៖ ​សារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយ នៅថ្ងៃទី១៥ ខែមិថុនា ថា មន្រ្ដីប៉ូលិសចូលនិវត្ដន៍ម្នាក់ មានអាយុ៧៣ឆ្នាំ បានទទួលមរណភាព កាលពីថ្ងៃចន្ទ (ទី១៤ ខែមិថុនា) ក្រោយពេលគាត់បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ​AstraZeneca ដូសទី១ រយៈពេល៥ថ្ងៃ។

លោកវរសេនីយ៍​ Kijjapat Ratanapan អនុប្រធានប៉ូលិស Bang Pu  បានបញ្ជាក់ថា  មន្រ្ដីប៉ូលិសចូលនិវត្ដន៍ ដែលបានទទួលមរណភាពនោះ ឈ្មោះ​ Songpop Poosang ។ នៅវេលាម៉ោង៣រសៀល ថ្ងៃកើតហេតុ មន្រ្ដីចូលនិវត្ដន៍បានដួល និងសន្លប់ នៅក្នុងផ្ទះលេខ​ 390/120 ភូមិ Moo 3  ឃុំ Tambon Bang Pu Mai  ស្រុក Muang ។ រីឯក្រុមអ្នកជួយសង្រ្គោះ មកពីគ្រឹះស្ថាន​ Ruam Katanyu បានមកដល់ភ្លាមៗ ហើយព្យាយាមជួយសង្គ្រោះជីវិតរបស់គាត់ដែរ ប៉ុន្ដែមិនទទួលបានជោគជ័យ។​

មន្រ្ដីប៉ូលិសដដែល បានបន្ដថា ​ក្រោយមកសពរបស់លោកវរសេនីយ៍ ​Songpop  ត្រូវបាន​បញ្ជូនទៅកាន់មន្ទីរពេទ្យ​ Rama Chakrinarubodin ស្ថិតក្នុងខេត្ត Samut Prakan ដើម្បីធ្វើកោសល្យវិច័យ ​ស្វែងរកអំពីមូលហេតុ នៃការស្លាប់នេះ។​

ដោយឡែក ភរិយារបស់មន្រ្ដីប៉ូលិសចូលនិវត្ដន៍ខាងលើ គឺលោកស្រី ​Wannaporn អាយុ៧០ឆ្នាំ បានបញ្ជាក់ថា មុនពេលចូលនិវត្ដន៍ ប្ដីរបស់លោកស្រីក៏ជាមន្រ្ដីប៉ូលិស​ ​Phlap Phla Chai  ក្រុងបាងកក។ ប៉ុន្ដែកាលពីថ្ងៃទី៩ ខែមិថុនា​ កន្លងមក ប្ដីរបស់លោកស្រី​បានទៅកាន់មន្ទីរពេទ្យ​Samut Prakan ហើយបានទទួលការចាក់វ៉ាក់សាំង AstraZeneca នូវដូសទី១។​ លុះមកដល់រសៀល ថ្ងៃចន្ទ (ទី១៤ ខែមិថុនា) ប្ដីរបស់លោកស្រីបានត្អូញត្អែរ អំពីការពិបាកដកដង្ហើម និងឈឺពោះ ​បន្ទាប់មកគាត់បានដួលសន្លប់។ ភ្លាមៗនោះ លោកស្រីបានទាក់ទងទៅក្រុមអ្នកជួយសង្គ្រោះឲ្យមកជួយជីវិតប្ដីរបស់លោកស្រី តែមិនអាចជួយបាន។​

លោកស្រី Wannaporn បានបន្ថែមថា លោកស្រីជឿថា ការស្លាប់របស់ប្ដីលោកស្រី អាចមានការពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ។ កន្លងមក ប្ដីរបស់លោកស្រីមានជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺស្ដ្រូក (ischemic stroke) ប៉ុន្តែមិនបានបង្ហាញរោគសញ្ញាអ្វីឡើយ។

ទោះជាយ៉ាងណា ករណីខាងលើនេះ មន្រ្ដីជំនាញសុខាភិបាលថៃ នៅមិនទាន់បានបញ្ជាក់អំពីមូលហេតុ នៃការស្លាប់នេះនៅឡើយ។ ប៉ុន្ដែបើតាមច្បាប់របស់ប្រទេសថៃ គ្រប់ប្រជាពលរដ្ឋថៃ​ដែលរងផលប៉ះពាល់ ពីការចាក់វ៉ាក់សាំង នឹងទទទួលបានសំណងពីរដ្ឋ បើទោះជាក្រោយមក រកឃើញថា ករណីនោះមិនពាក់ព័ន្ធនឹងវ៉ាក់សាំងក្ដី ក៏រដ្ឋមិនបានទារប្រាក់ ដែលបានប្រគល់ឲ្យនោះត្រឡប់មកវិញដែរ។

លោក Jadej Thammatacharee អគ្គលេខាធិការ នៃការិយាល័យសន្ដិសុខសុខាភិបាលជាតិ (NHSO)  កាលពីពេលកន្លងមក បានបញ្ជាក់ថា « ពលរដ្ឋណាម្នាក់ ​មានបញ្ហាសុខភាព​ ដោយជឿ​ថា វាបានបង្កឡើង ដោយសារការវ៉ាក់សាំង អាចដាក់ពាក្យស្នើសុំសំណងជាហិរញ្ញាវត្ថុភ្លាម ដោយមិនចាំបាច់​ រង់ចាំលទ្ធផលបង្ហាញជាក់ស្ដែងនោះឡើយ។

លោកអគ្គលេខាធិការ NHSO បានបន្ថែមថា «អ្នកដែលទទួលបានសំណង ចំពោះផលប៉ះពាល់ នៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ​ពី NHSO រួមមាន៖

១-​ករណីស្លាប់ ឬពិការអចិន្រ្ដៃយ៍ នឹងត្រូវទទួលសំណង ចំនួន ៤០០ ០០០បាត (ប្រាក់ថៃ) ឬស្មើនឹង ១២ ៧៨៧ដុល្លារអាមេរិក។

២-បាត់បង់សរីរាង្គ ឬពិការ ត្រូវទទួលបានសំណងជាអតិបរមា ២៤០ ០០០បាត ឬស្មើនឹង៧ ៦៧២ដុល្លារអាមេរិក។

៣-​ប៉ះពាល់ដល់សុខភាព ដែលត្រូវការការព្យាបាលតាមវេជ្ជសាស្រ្ត អ្នកទទួលវ៉ាក់សាំងនឹងមានសិទ្ធិទទួលបានសំណង រហូតដល់១សែនបាត ឬស្មើនឹង ៣ ១៩៦ដុល្លារអាមេរិក។​

លោកអគ្គលេខាធិកា បានបន្ដថា ជំនួយហិរញ្ញវត្ថុពិតប្រាកដ អាស្រ័យទៅលើវិសាលភាព នៃផលប៉ះពាល់ពីវ៉ាក់សាំងបង្ការកូវីដ-១៩នេះ។ រីឯអ្នកដែលសង័្សយលើវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលបង្កឲ្យកើតជាជំងឺ ឬស្លាប់ អាចដាក់ពាក្យ​ស្នើសុំភ្លាមៗ ដោយមិនចាំបាច់រង់ចាំការផ្ទៀងផ្ទាត់ ព្រោះវាជាជំនួយដំបូង ដែលមិនត្រូវការភស្តុតាង»។​

លោកអគ្គលេខាធិការ NHSO  បានបន្ដថា «ទោះបីជាការស៊ើបអង្កេតតាមផ្នែកវេជ្ជសាស្រ្តសន្និដ្ឋាន នាពេលក្រោយ រកឃើញថា ករណីទាំងនេះមិនបានបង្កឡើង ដោយសារ​វ៉ាក់សាំងបង្ការកូវីដ​-១៩ ក៏ដោយ ក៏យើង​នឹងមិនទាមទារសំណង ពីអ្នកទាំងនោះវិញដែរ»៕