រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានប្រតិបត្តិការបង្ក្រាបគ្រឿងញៀន បានចុះបង្ក្រាបនៅខុនដូមួយ ហើយត្រូវបានជនសង្ស័យជាខ្មាន់កាំភ្លើង បាញ់ប្រហារមកលើកម្លាំង បណ្ដាលឲ្យរបួសម្នាក់បញ្ជូនទៅមន្ទីរពេទ្យ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនឹងកងកម្លាំងអន្តរាគមន៍ របស់អធិការនគរបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកអធិការខណ្ឌជ្រោយចង្វា សៀម សុត្ថាវុធ បានបញ្ជារឲ្យលោកអធិការរង ទទួលផែនអន្ដរាគមន៍ ធ្វើការចុះបុកចូលក្នុងបន្ទប់ខុនដូ ឆែកឆេរឃើញវត្ថុតាងមានដូចជាថ្នាំញៀនជាច្រើន និងសម្បកគ្រាប់និងគ្រាប់ AKជាច្រើននៅក្នុងបន្ទប់ខុនដូខាងជាន់ទី១៣។

កងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន ក៣ និង ក ១០ បានធ្វើការចុះបង្ក្រាបនៅក្នុងទីតាំងចំណុចកើតហេតុ ខុនដូមួយ ជាន់ទី១៣ តាមបណ្ដោយផ្លូវកែវចិន្តា ។ ភ្លាមៗនោះជនសង្ស័យនិងបក្ខពួកជាច្រើននាក់ បានប្រើប្រាស់កាំភ្លើង AK និងខ្លីមានគ្រប់ដៃ បាញ់រះសំដៅមកលើកងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន បណ្ដាលឲ្យត្រូវនិងរងរបួសម្នាក់ ជាកងកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

កម្លាំងសមត្ថកិច្ច បើកការស្រាវជ្រាវនិងស៊ើបអង្កេតបន្តជុំវិញកន្លែងកើតហេតុ ដើម្បីតាមចាប់ជនដៃដល់ដែលជាខ្មាន់កាំភ្លើង បានបាញ់ប្រហារមកលើសមត្ថកិច្ចយកមកផ្ដន្ទាទោសតាមច្បាប់៕ រាយការណ៍P19ពេលរាត្រី