រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ហាងលក់គ្រឿងអេឡិចត្រូនិក NOJIMA ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃ ផ្សារទំនើប AEON ១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង១៧ និង៥០នាទីដល់ ១៩ និង៣០នាទី ដោយមានអ្នកជំងឺកូវីដ១៩ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារៈ នៅទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤២៦នាក់ ខណៈអ្នកជំងឺ៧៦០នាក់ជាសះស្បើយ។

បើគិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦ ៦៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៩ ៨០៧នាក់ និងស្លាប់សរុបចំនួន ៣០០នាក់៕