រាជធានីបាងកក៖ បច្ចុប្បន្ន ប្រទេសថៃបាន និងកំពុងបង្កើនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់រៀបចំប្រទេសឲ្យដំណើរការឡើងវិញ នៅឆ្នាំក្រោយ ទើបរដ្ឋាភិបាលបានជំរុញឲ្យវិស័យឯកជនចូលរួម ដោយវ៉ាក់សាំង Moderna របស់អាមេរិក នៅតាមមន្ទីរពេទ្យឯកជន បានឡើងថ្លៃដល់ ៣ ៨០០បាត (ប្រាក់ថៃ) ឬស្មើនឹង១២១ដុល្លារអាមេរិក សម្រាប់ការចាក់ទាំង២លើក (២ដូស)។

សារព័ត៌មានថៃ (បាងកកប៉ុស្ដិ៍) បានផ្សាយ នៅថ្ងៃទី៨ ខែមិថុនា ថា ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Moderna របស់អាមេរិក នៅតាមមន្ទីរពេទ្យឯកជន នៅក្នុងប្រទេសថៃ បានកំណត់២ដូស មានតម្លៃ ៣ ៨០០បាត ឬស្មើនឹង ១២១ដុល្លារសហរដ្ឋអាមេរិក។

បណ្ដាញផ្សព្វផ្សាយរបស់ថៃ បានដកស្រង់ប្រភពព័ត៌មានពីសមាគមមន្ទីរពេទ្យឯកជនថៃ បានឲ្យដឹងថា សមាជិកសមាគមមន្ទីរពេទ្យឯកជនថៃ បានជួប្រជុំគ្នា កាលពីថ្ងៃទី៧ ខែមិថុនា ដោយព្រមព្រៀងកំណត់តម្លៃវ៉ាក់សាំង ៣ ៨០០បាត ក្នុងការចាក់ទាំង២ដូស។ នេះមិនមែនរាប់បញ្ចូល ទាំងនៅក្នុងកម្មវិធីចាក់វ៉ាក់មិនគិតលុយរបស់រដ្ឋាភិបាលថៃនោះឡើយ។ រីឯការបញ្ជាទិញវ៉ាក់សាំងចំនួន១០លានដូស នឹងត្រូវដាក់ជំនួស ដោយអង្គការឱសថរបស់រដ្ឋាភិបាល ក្នុងនាមតំណាងសមាគមមន្ទីរពេទ្យឯកជនថៃ។

លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ បានថ្លែង កាលពីថ្ងៃទី៧ ខែមិថុនា ថា ការបញ្ជាទិញនឹងត្រូវកំណត់យកវ៉ាក់សាំងរបស់អាមេរិក Pfizer ចំនួន២០លានដូស និងវ៉ាក់សាំង Johnson & Johnson របស់អាមេរិក ចំនួន៥លានដូសផ្សេងទៀត។

ថៃបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទ្រង់ទ្រាយធំ នៅក្នុងប្រទេស កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ នៅក្នុងយុទ្ធនាការនោះ រដ្ឋាភិបាលបានប្រើប្រាស់តែវ៉ាក់សាំងបង្ការកូវីដ-១៩ Sinovac របស់ចិន និងវ៉ាក់សាំង AstraZeneca ដែលផលិត នៅក្នុងប្រទេសរបស់ខ្លួន។

វ៉ាក់សាំងទាំង២ប្រភេទនេះ ត្រូវការចាក់ចំនួន២ដូស ដើម្បីឲ្យមានប្រសិទ្ធភាពពេញលេញ ហើយរដ្ឋាភិបាលនឹងរំពឹងទុកថា បញ្ចប់ការចាក់វ៉ាក់សាំងលើកទី១ នៅត្រឹមចុងខែកញ្ញា។ លើសពីនេះទៀត រដ្ឋាភិបាលមានផែនការផ្គត់ផ្គង់វ៉ាក់សាំង រហូតដល់ ១០០លានដូស សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតលុយ ចំនួន៥០លាននាក់ ឬប្រហែលនឹង៧០% នៃចំនួនពលរដ្ឋសរុបនៅក្នុងប្រទេស ត្រឹមចុងឆ្នាំនេះ ដើម្បីរៀបចំប្រទេស បើកឲ្យដំណើរការឡើងវិញ នៅខែមករា ឆ្នាំ២០២២។

លោក Anutin Charnvirakul រដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណៈថៃ បានព្រមព្រៀង ទទួលបានវ៉ាក់សាំង ចំនួន២០លានដូស ពីក្រុមហ៊ុន Pfizer និង៥លានដូស ពីក្រុមហ៊ុនJohnson & Johnson ។ រីឯការបញ្ជាទិញ ដែលគ្រោងធ្វើឡើងដំបូង នៅថ្ងៃទី៤ ខែមិថុនា ហើយនឹងត្រូវចុះហត្ថលេខា នៅសប្ដាហ៍ក្រោយនេះ។ ជាមួយគ្នានេះ រដ្ឋបាលចំណីអាហារ និងឱសថ (FDA) ក៏បានយល់ព្រមលើវ៉ាក់សាំង Sinopharm ផងដែរ។ បច្ចុប្បន្ន FDA បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Johnson & Johnson, Moderna, AstraZeneca , Sinovac និង Sinopharm នៅក្នុងប្រទេសថៃ។

សារព័ត៌មានថៃ (The Nation) បានផ្សាយ នៅថ្ងៃទី៧ ខែមិថុនា ថា រដ្ឋាភិបាលថៃបា នចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋាភិបាលថៃ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ សរុប ៤ ២១៨ ០៩៤នាក់។

គិតត្រឹមព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ប្រទេសថៃ មានអ្នកឆ្លងកូវីដ-១៩សរុប ១៨២ ៥៤៨នាក់ ជាសះស្បើយ ១២៩ ៥១៦នាក់ និងស្លាប់ ១ ២៩៧នាក់៕