រាជធានីបាងកក៖ ប្រទេសថៃ​ បានសម្រេចគោលដៅ នៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩យ៉ាងតិច ៣០០ ០០០ដូស នៅថ្ងៃដំបូង នៃយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់ប្រទេស កាលពីថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១។

លោក ប្រាយុទ្ធ ចាន់អូចា ( Prayut Chan-o-cha) បានប្រកាសថា នេះជាថ្ងៃប្រវត្ដិសាស្រ្ដរបស់ប្រទេសថៃ ដែលចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយមានតែវ៉ាក់សាំងទេ ទើបអាចស្ដារស្ថានការណ៍កូវីដ-១៩ឡើងវិញបាន​។

លោក Kiattiphum Wongrajit មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលសាធារណៈថៃ បានបញ្ជាក់ថា នៅថ្ងៃយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដំបូង គិតត្រឹមវេលាម៉ោង៤ល្ងាច (ថ្ងៃចន្ទ ​ទី៧ ខែមិថុនា ) ក្រសួងសុខាភិបាលថៃ បានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ៣០៦ ៥៨០នាក់។ តួលេខខាងលើនេះ មិនបានរាប់ទាំងការចាក់វ៉ាក់សាំង នៅក្នុងទីក្រុងបាងកកនោះទេ។​

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីយប់ ថ្ងៃចន្ទ  រដ្ឋបាលទីក្រុងបាងកក បានរាយការណ៍ថា ប្រជាពលរដ្ឋរ​ស់នៅក្នុងទីក្រុងនេះ​ ចំនួន ១១ ៣៥២នាក់​ បានទទួលការចាក់លើកទី១ នៅថ្ងៃនេះ (ទី៧ ខែមិថុនា) ។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំង នៅថ្ងៃដំបូង ​ក្នុងប្រទេសថៃ គឺរដ្ឋាភិបាលបានប្រើប្រាស់តែវ៉ាក់សាំងបង្ការកូវីដ-១៩ Sinovac  របស់ចិន និងវ៉ាក់សាំង AstraZeneca ដែលផលិត នៅក្នុងប្រទេសរបស់ខ្លួន។​ វ៉ាក់សាំងទាំង២ប្រភេទនេះ ត្រូវការចាក់ចំនួន២ដូស ដើម្បីឲ្យមានប្រសិទ្ធភាពពេញលេញ ហើយរដ្ឋាភិបាលនឹងរំពឹងទុកថា​  ​បញ្ចប់ការចាក់វ៉ាក់សាំងលើកទី១ នៅត្រឹមចុងខែកញ្ញា។​

លើសពីនេះទៀត រដ្ឋាភិបាល​មានផែនការផ្គត់ផ្គង់វ៉ាក់សាំង រហូតដល់​ ១០០លានដូស សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋ ចំនួន៥០លាននាក់ ឬប្រហែលនឹង៧០% នៃចំនួនពលរដ្ឋសរុបនៅក្នុងប្រទេស ត្រឹម​ចុងឆ្នាំនេះ ដើម្បី​រៀបចំប្រទេស ​បើកឲ្យដំណើរការឡើងវិញ នៅខែមករា ឆ្នាំ២០២២។​

លោក ​​Anutin Charnvirakul រដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណៈថៃ បានព្រមព្រៀង ដើម្បីទទួលបានវ៉ាក់សាំង ចំនួន២០លានដូស ពីក្រុមហ៊ុន Pfizer និង៥លានដូស ពីក្រុមហ៊ុន​Johnson & Johnson ។ រីឯការបញ្ជាទិញ​ ដែលគ្រោងធ្វើឡើងដំបូង នៅថ្ងៃទី៤ ខែមិថុនា ហើយនឹងត្រូវចុះហត្ថលេខា នៅសប្ដាហ៍ក្រោយនេះ។​ ជាមួយគ្នានេះ រដ្ឋបាលចំណីអាហារ និងឱសថ (FDA) ក៏បានយល់ព្រមលើវ៉ាក់សាំង Sinopharm ផងដែរ។​ បច្ចុប្បន្ន FDA បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Johnson & Johnson, Moderna, AstraZeneca , Sinovac និង Sinopharm នៅក្នុងប្រទេសថៃ។

សារព័ត៌មានថៃ (The Nation)  បានផ្សាយ នៅថ្ងៃទី៧ ខែមិថុនា ថា រដ្ឋាភិបាលថៃបា នចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ គិតត្រឹមវេលាខាងលើនេះ រដ្ឋាភិបាលថៃ ​បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ សរុប ៤ ២១៨ ០៩៤នាក់។

គិតត្រឹមព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ប្រទេសថៃ មានអ្នកឆ្លងកូវីដ-១៩សរុប ១៨២ ៥៤៨នាក់ ជាសះស្បើយ ១២៩ ៥១៦នាក់ និងស្លាប់ ១ ២៩៧នាក់៕​