រាជធានីបាងកក៖ ជនជាតិវៀតណាមជាច្រើននាក់ បានបើកទូក​ចូលនេសាទ ដោយខុសច្បាប់ នៅក្នុងដែនទឹក នៃប្រទេសថៃ ក៏ត្រូវបានប៉ូលិសល្បាតការពារដែនសមុទ្រ ឃាត់ខ្លួន ចំនួន៩នាក់ និងរឹបអូសបានទូក ចំនួន២គ្រឿង កាលពីថ្ងៃសៅរ៍ (ទី៥ ខែមិថុនា)។

ប៉ូលិសល្បាតដែនសមុទ្រថៃ បានបញ្ជាក់ កាលពីថ្ងៃទី៦ ខែមិថុនា ថា ទូកនេសាទរបស់ជនជាតិវៀតណាម ចំនួន២គ្រឿង បានចូលមកនេសាទ ដោយខុសច្បាប់ នៅក្នុងដែនទឹករបស់ថៃ នាភាគខាងត្បូង ខេត្ត​ Narathiwat ។ ក្រៅពី​រឹបអូសទូកនេសាទចំនួន២គ្រឿងនោះ ប៉ូលិសថៃក៏បានឃាត់ខ្លួននាវិកជាជនជាតិវៀតណាម ចំនួន៩នាក់ផងដែរ។​

លោកឧត្ដមសេនីយ៍ Somkuan Phuengsap មេប៉ូលិសការពារដែនសមុទ្រ នៃ​ខេត្ដ Narathiwat បានបញ្ជាក់ថា ​ទូកនេសាទមួយចំនួន មកពីប្រទេសវៀតណាម ត្រូវបានចាប់ឃាត់ ដោយសារការចូលមកនេសាទ ដោយខុសច្បាប់ នៅក្នុងដែនសមុទ្ររបស់ថៃ។​ រីឯអ្នកពាក់ព័ន្ធ និងទូកចំនួន២គ្រឿងនោះ ត្រូវបានបញ្ជូនទៅកាន់​បញ្ជាការដ្ឋានប៉ូលិសការពារដែនសមុទ្រខេត្ត Narathiwat ដើម្បីអនុវត្ដតាមច្បាប់ថៃ៕