បរទេស៖ ​ប្រធានក្រុមហ៊ុនផលិតរថយន្ដយក្សរបស់ពិភពលោក តូយ៉ូតា​ បានទៅសុំការអភ័យទោស ដោយផ្ទាល់ពីគ្រួសារ នៃបុគ្គលិករបស់ខ្លួន ដែលបានធ្វើអត្ដឃាត ក្រោយពេលប្រធានផ្នែករបស់គាត់ស្ដីបន្ទោស និងដាក់សម្ពាធមកលើខ្លាំង រហូតដល់គេបានសម្រេចចិត្តគិតខ្លី។​

សារព័ត៌មាន Mainichi បានផ្សាយ នៅថ្ងៃទី៧ ខែមិថុនា ថា ប្រធានក្រុមហ៊ុនផលិតរថយន្ដដ៏ធំបំផុតរបស់ពិភពលោក ​Toyota Motor Corp.បានទៅសុំទោសដោយផ្ទាល់ ចំពោះគ្រួសារ នៃបុគ្គលិករបស់ខ្លួន ដែលបានធ្វើអត្ដឃាត នៅក្នុងឆ្នាំ២០១៧។ ការសុំទោសនេះ បានកើតឡើង ក្រោយពេលក្រុមហ៊ុនបានទទួលស្គាល់ថា ការធ្វើអត្ដឃាតរបស់បុគ្គលិកម្នាក់នេះ បានបណ្ដាលមកពី​សម្ពាធ នៃ​ប្រធានផ្នែករបស់ជនរងគ្រោះ។

ជាមួយគ្នានេះ ក្រុមហ៊ុន​បានសន្យានឹងមានវិធានការម៉ឹងម៉ាត់​ ដើម្បីការពារកុំឲ្យមានករណីបែបនេះកើតឡើងជាដដែលៗ។ ក្រុមហ៊ុន​បាន​ព្រមព្រៀងសងសំណងលើការបំពាននៅកន្លែងការងារដល់ក្រុមគ្រួសារ នៃបុគ្គលិក ដែលបានធ្វើអត្ដឃាតនោះ។ ​មុនដំបូង ក្រុមហ៊ុន Toyota បានបដិសេធលើទំនាក់ទំនងជាដើមហេតុ រវាងការប្រើប្រាស់អំណាច និងបុរសដែលធ្វើអត្ដឃាតនោះ។ ប៉ុន្ដែក្រោយការស៊ើបអង្កេតរួចមក ទើបក្រុមហ៊ុនទទួលស្គាល់លើករណីនេះ។

បន្ទាប់ពីមានការសម្រេចចិត្ត​របស់ការិយាល័យការងារភ្លាម លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota Motor Corp ​បានទៅចុះសួរសុខទុក្ខក្រុមគ្រួសាររបស់និយោជិក ហើយបានទទួលស្គាល់ពីមូលហេតុ នៃការប៉ះទង្គិច រវាងការយាយី និងការធ្វើអត្តឃាត។ នៅពេលដំណោះស្រាយត្រូវបានឈានទីបញ្ចប់ លោក Toyoda ក៏បានសុំអភ័យទោសជាថ្មីម្តងទៀតដល់ក្រុមគ្រួសារ ដោយផ្ទាល់ និងបានប្រាប់ពួកគេថា «យើងនឹងបន្តធ្វើឱ្យប្រសើរឡើងនូវវិធានការបង្ការការនានា កុំកើតមានជាដដែលៗ ខណៈ​រក្សាកូនប្រុសរបស់ពួកគេ ស្ថិតក្នុងការចងចាំរបស់យើង និងកែប្រែក្រុមហ៊ុនតូយ៉ូតា» ៕