រដ្ឋធានីសេអ៊ូល៖ ក្រោយពេលស្ថានការណ៍ នៃទំនាក់ទំនងការទូត រវាងប្រទេសកូរ៉េខាងត្បូង និងជប៉ុន កាន់តែមានភាពតានតឹងដាក់គ្នានោះមក តុលាការប្រចាំស្រុកមួយ នៃកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (ទី៧ ខែមិថុនា ឆ្នាំ២០២១) បានសម្រេចលុបចោលបណ្ដឹងទាមទារសំណងពីកម្លាំងពលកម្ម នៅក្នុងសម័យសង្រ្គាម ប្រឆាំងនឹងក្រុមហ៊ុននានារបស់ជប៉ុន ចំនួន១៦ រួមមាន ក្រុមហ៊ុនដែកថែប​ Nippon Steel Corp និងក្រុមហ៊ុន Mitsubishi Materials Corp ។​

សារព័ត៌មានជប៉ុន (Japan Times)  បានចេញផ្សាយ នៅថ្ងៃទី៧ ខែមិថុនា ថា តុលាការ​កណ្តាលទីក្រុងសេអ៊ូល បានថ្លែងថា នៅពេលនេះ ដើមបណ្តឹងមិនបានបាត់បង់សិទ្ធិ ក្នុងការទាមទារក្នុងនាមជាបុគ្គល ក្រោមកិច្ចព្រមព្រៀងទ្វេភាគី នាឆ្នាំ១៩៦៥នោះឡើយ។  សិទ្ធិបែបនេះមិនអាចត្រូវបានអនុវត្ត តាមរយៈពាក្យបណ្តឹងនេះឡើយ។

ទីភា្នក់ងារសារព័ត៌មានកូរ៉េខាងត្បូង ( Yonhap) បានរាយការណ៍ថា ដោយយោងទៅលើកិច្ចព្រមព្រៀង នាឆ្នាំ១៩៦៥ តុលាការ បានបញ្ជាក់ថា «ខ្លួនមិនអាចនិយាយថា ការទាមទាររបស់បុគ្គល ត្រូវបានបញ្ឈប់ ឬលើកលែងនោះដែរ ចំពោះសន្ធិសញ្ញាកូរ៉េ-ជប៉ុន។ ប៉ុន្តែតុលាការត្រូវបាន​សម្រេចចិត្តថា ជាសិទ្ធិបុគ្គល មិនអាចត្រូវបានអនុវត្ត តាមរយៈពាក្យបណ្តឹងទេ»។​

បើតាមតុលាការទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា «បណ្ដឹងសរុប ចំនួន៨៥ រួមមាន អតីតពលករសម័យសង្គ្រាមជប៉ុន និងសមាជិក នៃគ្រួសារដែលបានបាត់បង់ជីវិត បានដាក់ពាក្យបណ្តឹង កាលពីខែឧសភា ឆ្នាំ០១៥ ដោយទាមទារសំណងជំងឺចិត្ត សរុប​ ៨,៦ ពាន់លានវ៉ុន (ប្រាក់កូរ៉េខាងត្បូង) ឬស្មើនឹង​៧,៧៤លានដុល្លារសហរដ្ឋអាមេរិក។​ ក្នុងចំណោមក្រុមហ៊ុនជប៉ុន ជាចុងចោទទាំងនោះ រួមមាន ក្រុមហ៊ុន Nishimatsu Construction Co., Sumitomo Metal Mining Co. និងក្រុមហ៊ុន Sumiseki Materials Co… ជាដើម។

ចំណងទាក់ទង រវាងកូរ៉េខាងត្បូង និងជប៉ុន បានតានតឹងដាក់គ្នា ​ចាប់តាំងពី​សេចក្តីសម្រេចរបស់តុលាការកំពូលកូរ៉េខាងត្បូង កាលពី​អំឡុងឆ្នាំ២០១៨ បានបញ្ជាឱ្យក្រុមហ៊ុន​ Nippon Steel និង​​ក្រុមហ៊ុនឧស្សាហកម្ម Mitsubishi Heavy Industries Ltd សងសំណងដល់ដើមបណ្ដឹងជាជនជាតិកូរ៉េខាងត្បូង ជុំវិញករណីបង្ខំឲ្យធ្វើការ នៅក្នុងអំឡុងពេល នៃការធ្វើអាណានិគមរបស់ជប៉ុន នៅលើឧបទ្វីកូរ៉េ ចន្លោះពីឆ្នាំ១៩១០-១៩៤៥៕