មិនថាអ្នករវល់យ៉ាងណាទេ តែគប្បីយកពេលខ្លះថែរក្សាសុខភាពនិងសម្រស់របស់អ្នក ព្រោះក្រៅពីខ្លួនអ្នកគ្មាននរណាយកចិត្តទុកដាក់ខ្លាំងឡើយ។ ហេតុដូចនេះ ខាងក្រោមេនេះជាទម្លាប់ប្រចាំថ្ងៃដែលមិត្តនារីមិនគួររំលងដើម្បីរក្សាសុខភាពក៏ដូចជាសម្រស់របស់ខ្លួនរួមមាន៖

១. ទម្លាប់នៃការទទួលទាន
នៅក្នុងមួយថ្ងៃ អ្នកគួរតែទទួលទានទឹកឲ្យបាន ២ លីត្រយ៉ាងតិច។ បន្ថែមពីនេះ អ្នកត្រូវកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែមឬផ្ទុកជាតិស្ករច្រើន។ អ្នកមិនត្រូវរំលងអាហារពេលព្រឹកឡើយ រាល់ការបរិភោគអាហារគួរតែនៅចន្លោះម៉ោង ៨ ព្រឹក ទៅ ៨ យប់ មិនគួរលើសពីម៉ោង ៨ ពេកនោះទេ។ មួយវិញទៀត មិនគួររំលងផ្លែឈើស្រស់ៗឡើយ។

២. ទម្លាប់នៃការគេង
ការគេងក៏សំខាន់សម្រាប់សុខភាពអ្នកដែរ ត្រូវគេងឲ្យបាន ៨ ម៉ោងក្នុងមួយថ្ងៃ។ ក្រៅពីនេះ អ្នកមិនត្រូវចុចទូរស័ព្ទដៃមុនពេលចូលគេងឡើយ តែអ្នកគួរតែប្រើប្រាស់វាឲ្យមានប្រយោជន៍បន្តិចដូចជា ស្តាប់ព័ត៌មាន មើលរឿងកម្សាន្ត និងប្រើប្រាស់ក្នុងទម្រង់អប់រំ។ បន្ថែមពីនេះ កុំភ្លេចផ្តល់ពេលវេលាឲ្យខ្លួនឯងសម្រាកឲ្យបានច្រើនដូចជា ដំណើរកម្សាន្តប្រចាំឆ្នាំជាដើម។

៣. ទម្លាប់នៃការហាត់ប្រាណ
ដើម្បីបានរាងស្អាតនិងសុខភាពល្អ កុំភ្លេចថាការហាត់ប្រាណសំខាន់ណាស់។ ក្នុងមួយសប្តាហ៍កុំភ្លេចហាត់ប្រាណឲ្យបានពី ១ ទៅ ២ ម៉ោង។ លើសពីនេះ អ្នកអាចធ្វើលំហាត់ប្រាណចលនាជើងនិងដៃមុនពេលចូលគេងគឺកាន់តែប្រសើរ៕