មួយក្នុងចំណោមភាពមិនប្រក្រតីនៃអារម្មណ៍ទូទៅដែលអាចកើតមានចំពោះមនុស្សគ្រប់គ្នានិងគ្រប់វ័យនោះគឺ បញ្ហាបាក់ទឹកចិត្ត។ សម្រាប់មនុស្សមួយចំនួនយើងសង្កេតឃើញរោគសញ្ញានៃការបាក់ទឹកចិត្តច្រើនបង្ហាញកាន់តែខ្លាំងនៅពេលយប់ ដែលធ្វើឱ្យពួកគេពិបាកក្នុងការគេងលក់ ថប់បារម្ភ អស់សង្ឃឹមនិងឯកាជាដើម ហើយជាមួយគ្នានេះក៏មានបុគ្គលខ្លះបញ្ចេញរោគសញ្ហានៃការបាក់ទឹកចិត្តនៅពេលព្រឹកដែរ។ ដំណោះស្រាយទាំងនោះរួមមាន៖

១. ព្យាយាមបណ្តុះគំនិតវិជ្ជមាន៖ ព្យាយាមចូលធ្វើការងារដែលអ្នកចូលចិត្តដូចជា សរសេរ,លេងឧបករណ៍តន្រ្តីដែលអ្នកចូលចិត្ត គូររូប ផាត់រូប ធ្វើសមាធិឬបន់ស្រន់ អាចជួយបណ្តុះគំណិតវិជ្ជមានបាន។

២. ព្យាយាមដោះស្រាយបញ្ហាជាងគិតតែពីបញ្ហា៖ អ្នកគួរតែព្យាយាមរកដំណោះស្រាយពីបញ្ហាឱ្យបានច្រើនជាងសួរថា “ហេតុអ្វីខ្ញុំត្រូវជួបរឿងនេះ?” ហេតុអ្វីខ្ញុំមិនអាចដោះស្រាយបាន? តែជំនួសឱ្យអាចខលទៅមនុស្សដែលអ្នកទុកចិត្តបាន មិត្តឬគ្រួសារពន្យល់ពីស្ថានការណ៍ ហើយព្យាយាមរកដំណោះស្រាយវិញ។

៣. បង្កើនតម្លៃឱ្យខ្លួនឯង៖ តើយើងពូកែផ្នែកអ្វី? តើយើងចូលចិត្តធ្វើអ្វី? ព្យាយាមរកវាឱ្យឃើញនោះអ្នកនឹងមានអារម្មណ៍ថាខ្លួនឯងមានគុណតម្លៃ ព្រោះមនុស្សគ្រប់រូបសុទ្ធតែមានតម្លៃជាខ្លួនឯងរៀងខ្លួន។ អ្នកពូកែបែបអ្នក ហើយអ្នកដទៃពូកែតាមបែបអ្នកដទៃ។

៤. បង្កើតទម្លាប់គេងឱ្យមានផាសុកភាព ព្យាយាមគេងឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបានដូចជា៖
• កុំចាំងងុយឬហត់ចាំគេង តែត្រូវចូលគេងឱ្យទៀងម៉ោង អាចអានសៀវភៅឬស្តាប់ភ្លេងដើម្បីឱ្យងងុយគេងបាន។
• កុំឱ្យបន្ទប់មានពន្លឺពេក ព្យាយាមធ្វើឱ្យបន្ទប់មានពន្លឺឱ្យតិចបំផុតនៅពេលយប់ កុំបើកភ្លើងណាមួយចោល បើមិនប្រើប្រាស់។
• កាត់បន្ថយពន្លឺកុំព្យូទ័រនិងទូរស័ព្ទ អាចបិទឧបករណ៍អេឡិចត្រូនិចក្នុងបន្ទប់១ម៉ោង ឬ២ម៉ោង មុនចូលគេងដើម្បីកុំឱ្យមានការរំខានគឺឧបករណ៍ទាំងនោះ៕