ការសិក្សាមួយចំនួនបានលើកឡើងថាស្រីៗមានកម្រិតវីតាមីនD ក្នុងរាងកាយទាបប្រឈមនឹងហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកសុដន់។ ក្រុមអ្នកស្រាវជ្រាវយល់ថាវីតាមីន D អាចដើរតួជាអ្នកគ្រប់គ្រងភាពប្រក្រតីរបស់កោសិកាសុដន់ ហើយក៏ប្រហែលជាអាចបញ្ឈប់កោសិកាមហារីកមិនឲ្យលូតលាស់ក្នុងសុដន់ដែរ។

ការសិក្សារកឃើញថាការធ្លាក់ចុះនៃវីតាមីនD ក្នុងរាងកាយធ្វើស្រីៗជិតអស់រដូវ និងក្រោយអស់រដូវប្រឈមខ្ពស់នឹងការកើតជំងឺមហារីកសុដន់។ ការសិក្សានេះធ្វើឡើងលើអ្នកទើបរកឃើញថាមានជំងឺមហារីកសុដន់ ហើយអ្នកទាំងនោះមានកម្រិតវីតាមីនD ទាបបំផុត។ ការសិក្សាបានរកឃើញថា ស្រ្តីកើតជំងឺមហារីកសុដន់សុទ្ធតែមានកម្រិតវីតាមីនDទាបជាងស្រ្តីដែលគ្មានជំងឺនេះ។ វីតាមីនD មិនត្រឹមតែជួយពង្រឹងសុខភាពឆ្អឹងប៉ុណ្ណោះទេ តែវាក៏មានសមត្ថភាពក្នុងការផ្លាស់ប្ដូរលក្ខណៈសម្បត្តិរបស់ជំងឺមហារីកមួយចំនួនផងដែរ។ ការសិក្សាលើកោសិកាមហារីក និងដុំសាច់នៅលើសត្វកណ្ដុរ បានរកឃើញថាវីតាមីនD បានបញ្ចេញសកម្មភាពជាច្រើនដែលពន្យឺត ឬការពារការវិវត្តជាជំងឺមហារីក រួមទាំងជំរុញភាពខុសគ្នានៃកោសិកា បន្ថយការលូតលាស់កោសិកាមហារីក និងភ្ញោចកោសិកាងាប់ និងកាត់បន្ថយការកកើតដុំសាច់ក្នុងសរសៃឈាម។

វីតាមីន D ជួយរាងកាយស្រូបយកកាល់ស្យូម ដែលជារ៉ែសំខាន់សម្រាប់សុខភាពឆ្អឹង។ វីតាមីនD ក៏ជួយឲ្យប្រព័ន្ធភាពស៊ាំ សាច់ដុំ និងប្រព័ន្ធប្រសាទធ្វើការបានត្រឹមត្រូវ។ វីតាមីន D ភាគច្រើន ទទួលបាននៅពេលស្បែករបស់មនុស្សយើងត្រូវពន្លឺព្រះអាទិត្យ និងមួយចំនួនទៀតអាចទទួលបានពីអាហារ ដូចជាទឹកដោះគោ យ៉ាអួរ ត្រី និងស៊ុត ជាដើម៕