នឿយហត់ផ្លូវចិត្ត អាចធ្វើឲ្យយើងមិនទុកចិត្តអ្នកដទៃ ព្យាយាមដកខ្លួនពីសកម្មភាពនានាជុំវិញខ្លួន មានអារម្មណ៍ថាខ្លួនឯងអសមត្ថភាព ឬធ្វើអ្វីក៏អត់សម្រេច។ ពេលមានជំងឺនឿយហត់ផ្លូវចិត្ត យើងមិនអាចធ្វើការបានដូចធម្មតាឡើយ។ រឿងគ្រោះថ្នាក់ គឺស្ថានភាពបែបនេះ អាចកើតគ្រប់ពេល ក្នុងការងារ។ សញ្ញាសំខាន់ៗគួរឲ្យសម្គាល់៖

១- គិតតែរឿងអវិជ្ជមាន
ក្នុងស្ថានភាពនឿយហត់ផ្លូវចិត្ត យើងអាចមានអារម្មណ៍ឆាប់ស្រងាកចិត្ត ខកចិត្ត និងខឹងច្រើន។ អារម្មណ៍ទាំងនេះអាចជះឥទ្ធិពលដល់ការងារ គម្រោងនានា ឬប៉ះពាល់ដល់ក្រុមការងារ។ ពេលមានអារម្មណ៍មិនល្អ ក្នុងក្បាលរវើរវាយ គិតតែរឿងអត់ល្អប៉ាតណាបាតណី។

២- ពិបាក និងមានសម្ពាធ
អ្នកមានជំងឺនឿយហត់ផ្លូវចិត្ត មានអារម្មណ៍ពិបាកដោះស្រាយបញ្ហា ឬការងារផ្សេងៗ និងតែងមានសម្ពាធជានិច្ច។ ទោះបីជាតាំងចិត្តខ្ពស់ ថាធ្វើម៉េចក៏ដោយ ឲ្យការងារហ្នឹងចប់ រួចស្រេចបាច់នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានម៉ោងបន្ទាប់ តែជារឿយៗធ្វើមិនហើយ ឬហើយទាំងមិនប្រាកដក្នុងចិត្តថាល្អ។

៣- គេងមិនលក់
អាចមិនចាប់អារម្មណ៍ ព្រោះដំបូងៗ យើងអាចមានអារម្មណ៍ថា “ប្រហែលពិបាកគេងប៉ុន្មានយប់ប៉ុណ្ណោះ” តែយូរៗទៅ បញ្ហានេះកើតសឹងរាល់យប់ច្រើនថ្ងៃ។ ទោះបីជាពេលខ្លះ អស់កម្លាំង ហត់ខ្លាំងក៏ដោយ ក៏នៅតែគេងអត់លក់។

៤- ប៉ះពាល់ខួរក្បាល
អារម្មណ៍អត់មូល រកផ្ចង់ធ្វើអីមិនកើត ថ្លោះធ្លោយ ភ្លេចភ្លាំងច្រើន បង្កកំហុសឆ្គងច្រើន ខួរក្បាលស្ពឹកស្រពន់ ធ្វើអីមិនរហ័សដូចមុន។ ទាំងនេះហើយ ជាសញ្ញាដំបូងនៃជំងឺនឿយហត់ផ្លូវចិត្តនៅកន្លែងធ្វើការ។ បើស្ថិតក្នុងស្ថានភាពអ៊ីចឹងៗយូរទៅ អាចឈានដល់ដំណាក់កាលប៉ះពាល់គុណភាពការងារ៕