មនុស្សស្រីដែលមានវ័យចាប់ពី៣០ឆ្នាំឡើងទៅ មិនគួរមើលរំលងនូវតិចនិកថែសម្រស់ទាំងនេះឡើយ។

១. ចូលគេងមុនម៉ោង១១ និងគេងឲ្យបានគ្រប់គ្រាន់
ការគេងមិនបានគ្រប់គ្រាន់ និងចូលគេងយប់ពេក សុទ្ធតែធ្វើឲ្យប៉ះពាល់ដល់សម្រស់ និងសុខភាពធ្ងន់ធ្ងរ។ លើសពីនេះ ក៏ធ្វើឲ្យស្បែកប្រែជាអាក្រក់ ឆាប់ឡើងមុន និងចាស់លឿនបំផុត។ ដូច្នេះ អ្នកគួរគេងឲ្យបានយ៉ាងហោចណាស់ 7-8 ម៉ោងក្នុងមួយយប់ ដើម្បីឲ្យរាងកាយបានសម្រាកនិងឆាប់មានកម្លាំងឡើងវិញ។

២ .ផឹកទឹកឲ្យបានគ្រប់គ្រាន់
ទឹក ជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតរបស់មនុស្ស។ បើគ្មានទឹកទេ រាងកាយនឹងប្រែជាស្ងួតរីងរៃ សរីរាង្គមិនអាចផលិតនូវមុខងារសំខាន់ៗ ស្បែកឆាប់ជ្រួញ និងបណ្តាលឲ្យមានជំងឺ។ ដូច្នេះ អ្នកគួរមានទម្លាប់ផឹកទឹកឲ្យបាន ២លីត្រក្នុងមួយថ្ងៃ ព្រមទាំងងាកមកបន្ថែមភេសជ្ជៈបែបសុខភាពដូចជា តែបៃតង ទឹកក្រឡុក ទឹកផ្លែឈើ … ជាដើម។ អ្នកគួរចៀសវាង ភេសជ្ជៈជាតិផ្អែមដូចជា ភេសជ្ជៈកំប៉ុង ឬភេសជ្ជៈប៉ូវកម្លាំង។

៣. ប្រើឡេការពារកម្តៅថ្ងៃ
ដើម្បីការពារស្បែកបានល្អពីពន្លឺព្រះអាទិត្យ ដែលធ្វើឲ្យស្បែកងាយជ្រួញ អាចម៍រុយបានផងដែរនោះ គប្បីប្រើឡេការពារកម្តៅថ្ងៃដែលមាន SPF ចាប់ពី៣០ឡើងទៅ។

៤. ប្រើវីតាមីន C
វាមានប្រសិទ្ធិភាពជួយចិញ្ចឹមស្បែកឲ្យមានសំណើម ប្រឆាំងភាពជ្រួញ ជួយផលិតខូឡាជែន ហើយបើអ្នកប្រើបានទៀងទាត់ នឹងជួយឲ្យស្បែកប្រែជាភ្លឺថ្លា និងមិនងាយយារធ្លាក់។ បន្ថែមពីការប្រើផលិតផលមានផ្ទុកវីតាមីន C អ្នកគប្បីហូបអាហារសម្បូរវីតាមីននេះដែរ ព្រោះជួយឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នករឹងមាំពីខាងក្នុងតែម្តង។

៥. ខាត់ស្បែកមុខ ១ -២ ដង / សប្តាហ៍
ការខាត់ស្បែកមុខ ជួយជម្រុះចោលកោសិកាចាស់ៗ និងជួយឲ្យកោសិកាថ្មីឆាប់រស់ឡើងវិញ៕