ចូលដល់រដូវត្រជាក់ មិនថាក្មេង ឬចាស់ទេ ងាយនឹងកើតផ្តាសាយ។ ចំពោះស្ត្រីមានផ្ទៃពោះ កាលណាបើកើតផ្តាសាយហើយ ច្បាស់ជាមានផលរំខានដល់ខ្លួនដែលកំពុងមានសុខភាពខ្សោយស្រាប់ ហើយបើធ្ងន់ធ្ងរអាចប៉ះពាល់ដល់កូនក្នុងផ្ទៃទៀត។

បើតាមអង្គការសុខភាពពិភពលោក (WHO) បានណែនាំឲ្យស្រីៗមានផ្ទៃពោះចាក់វ៉ាក់សាំងផ្តាសាយទោះក្នុងត្រីមាសណាដោយ។ ម្តាយដែលចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ អាចការពាខ្លួនពីជំងឺផ្តាសាយផង ថែមទាំងអាចបង្ការកូនពីជំងឺគ្រុនផ្តាសាយនៅ ២-៣ ខែប៉ុន្មានខែដំបូងនៃជីវិតរបស់ពួកគេ បន្ថែមពីនេះ CDC របស់អាមេរិកបានបញ្ជាក់ថា ផ្តាសាយងាយនឹងបង្កឲ្យមានជំងឺធ្ងន់ធ្ងរលើស្ត្រីពពោះ ជាងស្ត្រីធម្មតា។ ម្យ៉ាងវិញទៀតការផ្លាស់ប្តូរប្រព័ន្ធការពារ បេះដូង និងសួត អំឡុងពពោះ និង ២ សប្តាហ៍ក្រោយសម្រាល ងាយនឹងទទួលរងប៉ះពាល់ពីជំងឺផ្តាសាយ។ កើតជំងឺផ្តាសាយអំឡុងពពោះក៏អាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃផងដែរ ដោយរោគសញ្ញាជំងឺផ្តាសាយទូទៅគឺគ្រុនក្តៅដែលអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងពិការភាពបំពង់សរសៃប្រសាទ និងលទ្ធផលមិនល្អផ្សេងទៀតសម្រាប់ទារកដែលកំពុងលូតលាស់ក្នុងផ្ទៃ៕