ការថែទាំសុខភាពគឺជារឿងដ៏សំខាន់មួយ ដែលគ្នាយើងគប្បីយកចិត្តទុកដាក់ឲ្យបានដិតដល់។ នៅពេលដែលយើងចាប់ផ្ដើមទម្លាប់ប្រចាំថ្ងៃដែលល្អចំពោះសុខភាព នោះរាងកាយរបស់យើងនឹងនៅតែរឹងមាំ ក៏ដូចជាជៀសផុតពីជំងឺផ្សេងៗ។

១. រក្សារបបអាហារល្អ
ពិតណាស់ ការញ៉ាំរបបអាហារមិនល្អ និងគ្មានតុល្យភាពអាចបណ្ដាលឲ្យកើតមានជំងឺដ៏គ្រោះថ្នាក់ជាច្រើន ដូចជាសម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែម។ ចំណែកឯរបបអាហារដែលមានសុខភាពល្អ គប្បីបញ្ចូលអាហារកែច្នៃក្នុងកម្រិតតិចតួច ញ៉ាំគ្រាប់ធញ្ញជាតិទាំងមូល បន្លែ ផ្លែឈើ និងប្រភពធម្មជាតិនៃប្រូតេអ៊ីន ដូចជាត្រី និងសណ្ដែក ឲ្យបានច្រើន។

២. ធ្វើលំហាត់ប្រាណប្រចាំថ្ងៃ
ជាមួយគ្នានេះដែរ ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃមានសារសំខាន់ណាស់។ យោងតាមការសិក្សាមួយពីវិទ្យាស្ថានជំងឺមហាថ្នាក់ជាតិ បានបង្ហាញថា គ្រាន់តែយើងធ្វើលំហាត់ប្រាណតិចតួចប្រចាំថ្ងៃ ក៏អាចបង្កើនអាយុរបស់យើងដល់ទៅ៤,៥ឆ្នាំផងដែរ។

៣.កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
ជាក់ស្ដែង ការញ៉ាំគ្រឿងស្រវឹងផ្ដល់ផលប៉ះពាល់យ៉ាងច្រើនដល់សុខភាពរបស់យើង ដូចជាការឡើងទំហំចង្កេះ និងបង្កើនហានិភ័យនៃជំងឺមហារីកជាច្រើន។ ដូច្នេះហើយ គ្នាយើងគប្បីញ៉ាំវានៅក្នុងបរិមាណមួយសមល្មម ដោយត្រឹមតែមួយកែវសម្រាប់ស្ត្រី និងពីរកែវសម្រាប់បុរសក្នុងមួយថ្ងៃ។

៤. ជៀសវាងការជក់បារី
គ្នាយើងប្រហែលជាបានដឹងហើយថា ការជក់បារីផ្ដល់ហានិភ័យដល់សុខភាពរបស់យើងយ៉ាងធ្ងន់ធ្ងរ។ បើទោះបីជាការផ្ដាច់បារីមិនមែនជារឿងងាយស្រួលក៏ពិតមែន ប៉ុន្តែប្រសិនបើយើងមានការតស៊ូព្យាយាម និងប្ដេជ្ញាចិត្តខ្ពស់ យើងច្បាស់ជាអាចធ្វើទៅបាន៕