អ្នកណាៗក៏ដឹងដែរថា ជំងឺមហារីក ជាជំងឺសាហាវមួយដែលពិបាកក្នុងការព្យាបាល ប្រសិនបើកើតមានហើយនោះ។ ចំពោះជំងឺប្រភេទនេះ វាអាចកើតបាននៅគ្រប់កន្លែងលើរាងកាយរបស់យើង សូម្បីតែឈាមក៏អាចកើតជំងឺមហារីកឈាមបានដែរ។ ចុះមានដឹងអត់ថា ជំងឺមហារីកគ្រាប់ឈាមសបណ្ដាលមកពីកត្តាអី?

ទី១. អ្នកជំងឺមានជំងឺនេះពីកំណើតតែម្ដង ដោយសារនៅពេលបង្កកំណើតមានហ្សែនមួយប្រភេទជាក្រូម៉ូស្យូមមិនល្អ។ តែជំងឺនេះមិនមែនជាជំងឺតំណពូជ ឬសួពូជនោះទេ។

ទី២. បរិស្ថាននៃការរស់នៅ ការស្រូបយកសារធាតុពុលផ្សេងៗដូចជា សារធាតុគីមីពុលមាននៅក្នុងថ្នាំលាប ផ្ទះ ឧស្សាហកម្ម និងកាំរស្មី ជាដើម។

លោកវេជ្ជបណ្ឌិត ចាន់ រស្មី បានឲ្យដឹងថាយើងអាចរកឃើញថា អ្នកជំងឺកើតមហារីកគ្រាប់ឈាម ប្រសិនបើអ្នកជំងឺចេញសញ្ញាដូចជា ស្លេកស្លាំង ឆាប់ហត់ មានចេញឈាមនៅតាមអញ្ចាញធ្មេញ ហើយស្បែកមានលក្ខណៈជាំខុសពីធម្មតា។ ផលរំខានមួយចំនួនទាក់ទងទៅដល់ប្លាកែតដែលជាគ្រាប់ឈាមម៉្យាងដែលមានតួនាទី សម្រាប់ទប់ឈាមកុំឲ្យហូរ ធ្វើឲ្យឈាមចុះខុសពីធម្មតា។ លោកបានបញ្ជាក់ថា ប្រជាជនយើងភាគច្រើនតែងហៅ ជំងឺមហារីកគ្រាប់ឈាមសនេះ ទៅជាជំងឺឈាមសស៊ីឈាមក្រហម ចឹងហើយ នៅពេលគួរឈប់ហៅថា ជំងឺឈាមសស៊ីឈាមក្រហម ព្រោះវាមិនត្រឹមត្រូវ ហើយស្ដាប់ទៅហាក់ដូចជា គ្រាប់ឈាមស៊ីគ្រាប់ឈាមគ្នាឯង៕