បរទេស៖ ក្រោយការធ្វើរដ្ឋប្រហាររឹបអូសអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នោះមក មាន​ជនស៊ីវិល ជាង៨០០នាក់ត្រូវបានពួកយោធាបាញ់សម្លាប់ ហើយនៅពេល​នេះ ក្រុមមេ​ដឹកនាំ​យោធាភូមា​ និងគ្រួសាររបស់ពួកគេ កំពុងតែរងសម្ពាធកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ពីប្រទេស​មហា​អំណាចលោកខាងលិច។

​ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីព្រឹក ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១​ បានផ្សាយថា ​ក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃចន្ទ ទី១៧​ ខែឧសភា ឆ្នាំ២០២១ (​វេលានៅទីក្រុងវ៉ាស៊ីនតោន)ថា សហរដ្ឋអាមេរិកបាន​សម្រេចដាក់ទណ្ឌកម្ម​ទៅលើមន្ត្រីជាន់​ខ្ពស់មីយ៉ាន់ម៉ា និងសមាជិកគ្រួសាររបស់ពួកគេ ចំនួន១៦នាក់ ក្រោមការចោទប្រកាន់​ថា ពួកគេ​ជាក្រុមអ្នកគាំទ្រ ចំពោះអំពើហិង្សាបង្រ្កាមទៅលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេសមីយ៉ាន់ម៉ា (ភូមា)។

ក្រសួងសេដ្ឋកិច្ច​សហរដ្ឋអាមេរិក បានបញ្ជាក់ថា​ អ្នកដែលត្រូវបានសហរដ្ឋអាមេររិកកត់ឈ្មោះ បញ្ចូលទៅក្នុងបញ្ជីខ្មៅទាំងនោះ រួមមាន៖ សមាជិកក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃរបបយោធាមីយ៉ាន់ម៉ា ចំនួន​៤នាក់, រដ្ឋមន្ត្រីចំនួន​៧នាក់, ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលគ្រប់គ្រងដោយរបបយោធា និងទេសាភិបាលធនាគារកណ្តាលរបស់មីយ៉ាន់ម៉ា​។ ដោយឡែកឥស្សរជន នៃរបបយោធាភូមាចំនួន​៣នាក់ផ្សេងទៀត ដែលមានឈ្មោះនៅក្នុងបញ្ជីខ្មៅ​ដែរនោះ ក៏ជាកូនរបស់សមាជិកក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលត្រូវរងការដាក់ទណ្ឌកម្មរួចទៅហើយ នៅមុនរដ្ឋប្រហារ ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ២០២១។

ការធ្វើរដ្ឋប្រហារយោធា ផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលភូមានេះ បានកើតឡើង ក្រោយពេលគណបក្សរបស់លោក​ស្រី អ៊ុង សានស៊ូ ជី​ ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត ​​កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ដោយសារតែពួកយោធាភូមាអស់លទ្ធភាព ហើយមិនសង្ឃឹមថា គណបក្សរបស់ខ្លួនទទួលបានជ័យជម្នះលើលោកស្រីបាន ក៏បង្កើតជាល្បិច​ចោទប្រកាន់ថា ការបោះឆ្នោតនោះមិនបានប្រព្រឹត្តទៅដោយត្រឹមត្រូវនោះទេ។ នេះជាការបោះឆ្នោត ដោយមានភាពមិនប្រក្រតី និងមានការក្លែងបន្លំសន្លឹកឆ្នោត។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបង្កើនការដាក់ទណ្ឌកម្មលើមន្រ្ដីជាន់ខ្ពស់យោធាភូមា និង គ្រួសាររបស់ពួកគេ ក្នុង​គោលបំណង ​រារាំងពួកគេមិនឱ្យចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្ម និងហិរញ្ញវត្ថុសកល តាមរយៈការហាមឃាត់បុគ្គល និងក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក រួមទាំងធនាគារបរទេសនានា ដែលមានសាខា នៅសហរដ្ឋអាមេរិក ពីការធ្វើជំនួញជាមួយបុគ្គល និងអង្គភាពមីយ៉ាន់ម៉ា ដែលមានឈ្មោះក្នុងបញ្ជីខ្មៅ។

បើតាមសមាគមជំនួយអ្នកទោសនយោបាយ បានឲ្យដឹងថា ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា  នៅភូមា នាថ្ងៃទី១ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១៧ ខែឧសភា មាន​មនុស្សជាង ៨០០នាក់ ត្រូវបានពួកយោធាបាញ់សម្លាប់ នៅក្នុង​ការបង្ក្រាបបាតុកម្ម នៅទូទាំងប្រទេសមីយ៉ាន់ម៉ា​។ ដោយឡែកមនុស្សរាប់ពាន់នាក់ផ្សេងទៀត បន្ដចាប់ខ្លួននាំទៅឃុំឃាំង៕​