បរទេស៖ សហរដ្ឋអាមេរិក គ្រោងនឹងចែកចាយវ៉ាក់សាំងបង្ការកូវីដ-១៩រាប់លានដូសទៅដល់ពិភពលោក នៅចុងខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។

លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី១៧ ខែឧសភា បានប្រកាសថា សហរដ្ឋអាមេរិក នឹងចែករំលែកវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន២០លានដូស ដល់បណ្តាប្រទេសផ្សេងទៀត នៅជុំវិញពិភពលោក នាចុងខែមិថុនា​ ឆ្នាំ២០២១។ រីឯវ៉ាក់សាំងដែលគ្រោងនឹងចែកចាយនោះ រួមមាន ​វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna, Pfizer, Johnson & Johnson និង AstraZeneca ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក បានសន្យាថា អាមេរិកនឹងផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ចំនួន ៦០លានដូសដល់ពិភពលោក នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ដែលជាទិវាឯករាជជាតិអាមេរិក។ លោក ចូ បៃដិន បានកំណត់យកថ្ងៃឯករាជជាតិរបស់សហរដ្ឋអាមេរិក ជាថ្ងៃដែលពលរដ្ឋអាមេរិក បានទទួលឯករាជ្យពីកូវីដ-១៩។

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានថ្លែង នៅក្នុងសេតវិមានថា «យើងចាំបាច់ត្រូវតែរួមគ្នា ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ។ យើងមានសុវត្ថិភាព នៅអាមេរិក ដូច្នេះយើងត្រូវតែធ្វើរឿងត្រឹមត្រូវ ដើម្បីជួយអ្នកដទៃ»។

លោក ចូ បៃដិន បានបញ្ជាក់ថា មន្ត្រីទទួលបន្ទុកការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក Jeff Zients នឹងសហការជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងក្រសួងការបរទេសអាមេរិក ក្នុងការចែករំលែកវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩។

លោកប្រធានាធិបតី បានបន្ថែមថា «ករណីនេះ គឺដូចគ្នាទៅនឹងសង្គ្រាមលោកលើកទីពីរ ​ខណៈនេះសហរដ្ឋអាមេរិក មានអាវុធគ្រប់គ្រាន់ សម្រាប់ធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ-១៩ ដូច្នេះយើងនឹងចែករំលែក«អាវុធ»ទាំងនោះទៅដល់ពិភពលោក ដើម្បីប្រយុទ្ធនឹងសត្រូវរបស់យើង»៕