បរទេស៖ ក្រោយពេលគ្រប់គ្រង​ការឆ្លងកូវីដ-១៩ឲ្យធ្លាក់មកនៅស្ថានភាពល្អប្រសើរឡើងវិញមួយរយៈនោះមក ស្រាប់តែកាលពីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វៀតណាមបានរកឃើញការឆ្លងកូវីដ-១៩ថ្មី រហូតដល់ទៅជិត២០០ករណី ហើយនេះជាឆ្លងដ៏ច្រើនឡើងវិញ នៅក្នុងប្រទេសកុម្មុយនីស្ដមួយនេះ។

សារព័ត៌មានវៀតណាម VOV បានផ្សាយថា វៀតណាម កាលពីល្ងាច ថ្ងៃចន្ទ បានរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន១៨៤នាក់ ហើយក្នុងនោះពាក់ព័ន្ធនឹងករណីឆ្លង នៅក្នុងសហគមន៍ ចំនួន ១៧៤ករណី។ ករណីឆ្លងច្រើន នៅក្នុងសហគមន៍ គឺភាគច្រើន នៅខេត្ដភាគខាងជើង ប្រទេសវៀតណាម មានដូចជា ខេត្ត​ Bac Giang ចំនួន៦១ករណី, ខេត្ត Bac Ninh ចំនួន៣៨ករណី…ជាដើម។​

​ក្រសួងសុខាភិបាលវៀតណាម បានចេញរបាយការណ៍ នៅល្ងាច ថ្ងៃទី១៧ ខែឧសភា ថា វៀតណាម​មានអ្នកឆ្លងសរុប ៤ ៣៥៩នាក់ ហើយក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ២ ៦៦៨នាក់ និងអ្នកជំងឺ៣៧នាក់ផ្សេងទៀត បានស្លាប់។ រហូតមកដល់វេលាខាងលើនេះ វៀតណាមបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជិត១លាននាក់ ហើយអ្នកចាក់បាន២លើក មានចំនួន២២ ០០០នាក់៕​