បរទេស៖ ក្រោយពេលវីរុសកូវីដ-១៩ចូលរាតត្បាត នៅក្នុងពន្ធនាគារ ជាង១០ នៅក្នុងប្រទេសថៃ ហើយមានអ្នកឆ្លងជាង១០ ០០០នាក់នោះមក រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌បានបង្ខំចិត្តដោះលែងអ្នកទោស ប្រហែល ៥០ ០០០នាក់។

សារព័ត៌មានថៃ The Nation  បានផ្សាយ នៅព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ថា លោក Somsak Thepsutin រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ថៃ បានសម្រេចដោះលែង​អ្នកទោស ប្រហែល ៥០ ០០០នាក់​​ នៅខែក្រោយនេះ។ ការដោះលែងអ្នកទោសដ៏ច្រើនមិនធ្លាប់មាន នៅក្នុងប្រទេសថៃនេះ បានកើតឡើង ក្រោយ​ការផ្ទុះឡើង នៃជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារជាច្រើនរបស់ប្រទេសថៃ។​

លោក Somsak រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ថៃ បានបញ្ជាក់ កាលពីថ្ងៃទី១៧ ខែឧសភា ថា ពន្ធនាគារ មានអ្នកទោសច្រើន ទើបធ្វើឲ្យមានករណីឆ្លង​កូវីដ-១៩ថ្មី ចំនួន ៦ ៨៥៣ ឬស្មើនឹង ៧១ ភាគរយ នៃចំនួនឆ្លងប្រចាំថ្ងៃ នៅក្នុងប្រទេសថៃ។​ រីឯនាយកដ្ឋានកែប្រែ កំពុងតែបន្តអនុវត្ដកម្មវិធីធ្វើតេស្ដ​​របស់ខ្លួន នៅក្នុងពន្ធនាគារនានា នៅក្នុងប្រទេស ខណៈ​មកដល់ពេលនេះនាយកដ្ឋានបានរកឃើញករណីឆ្លងកូវីដ-១៩ដល់អ្នកទោស សរុប ១០ ៣៨៤ នាក់។

លោករដ្ឋមន្រ្តីក្រសួងយុត្ដិធម៌ បានបន្ថែម​ថា ពន្ធនាគារទាំងអស់ នឹងត្រូវផ្តល់របាយការណ៍ប្រចាំសប្តាហ៍ អំពីចំនួនអ្នកទោសឆ្លង និងជាសះស្បើយ ពីជំងឺដ៏កាចសាហាវនេះ។ នាយកដ្ឋាន​ ក៏ត្រូវ​ជូនដំណឹងដល់ក្រសួងឲ្យដឹង​ថា នាយកដ្ឋានត្រូវការ​ Favipiravia និង fah talai jone (Andrographis paniculata) ដើម្បីព្យាបាលអ្នកទោសដែលឆ្លងកូវីដ-១៩។

ថៃជាប្រទេសមានអត្រាអ្នកជាប់ពន្ធនាគារច្រើនជាងគេបំផុត នៅលើពិភពលោក ទើបនាំឱ្យពន្ធនាគារមានអ្នកទោសច្រើនណែនណាន់តាន់តាប់  ហើយ​លំបាកក្នុងការរក្សាគម្លាតសង្គម ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩៕