បរទេស៖ អ៊ីស្រាអែល នៅថ្ងៃទី១៧ ខែឧសភា បានបន្ដវាយប្រហារតាមអាកាសយ៉ាងខ្លាំងទៅលើតំបន់ Gaza Strip ក្រោយពេលកងជីវពលរបស់ប៉ាឡេស្ទីន បាញ់រ៉ុក្កែតជាច្រើនគ្រាប់ ដាក់ទៅលើទីក្រុងភាគខាងត្បូង ប្រទេសអ៊ីស្រាអែល។​ នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយ នៅថ្ងៃចន្ទ ទី១៧​ ខែឧសភា ឆ្នាំ២០២១។

អ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួន​បានវាយប្រហារទៅលើទីតាំងនានា​ ជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស និងផ្ទះរបស់មេបញ្ជាការជាច្រើនទៀត។ ប៉ុន្តែផ្លូវធំ និងខ្សែបណ្ដាញថាមពលនានាក៏បានរងការបំផ្លាញផងដែរ។​

ដោយឡែកក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានប្រជុំជាបន្ទាន់មួយ ហើយលោក​ António Guterres  អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា ​«ប្រសិនបើការប្រយុទ្ធគ្នានៅកើតមានបន្ដទៀត នឹងបង្កឲ្យមានអសន្តិសុខ និងវិបត្តិមនុស្សធម៌ នាថ្ងៃអនាគត ​កាន់តែធ្ងន់ធ្ងរឡើង»។ លោកអគ្គលេខាធិការបានជំរុញឲ្យបញ្ចប់នូវអំពើហិង្សានោះជាបន្ទាន់។​

ការវាយប្រយុទ្ធគ្នានេះ បានកើតឡើង បន្ទាប់ពីមានភាពតានតឹងដាក់គ្នា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ពាក់ព័ន្ធនឹងបញ្ហាទីក្រុងហ្សេរូ​សាឡឹមខាងកើត រហូតឈានដល់ការប៉ះទង្គិចគ្នា នៅទីតាំងដ៏សក្ការៈមួយកន្លែង ដែលជាទីគោរពបូជា រវាងប្រជាជនម៉ូស្លីម និងជ្វីហ្វ។ ក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានចាប់ផ្តើមបាញ់រ៉ុក្កែត បន្ទាប់ពីបានព្រមានអ៊ីស្រាអែលឱ្យចាកចេញពីកន្លែងនោះ ទើបបង្កឱ្យមានការវាយប្រហារសងសឹក តាមអាកាសពីអ៊ីស្រាអែល។​

កងទ័ពអ៊ីស្រាអែល បានថ្លែងថា យន្ដហោះចម្បាំងរបស់ពួកគេ ជាង៥០គ្រឿងបានបន្ដបើកការវាយប្រហារ ក្នុងរយៈពេល២០នាទី ទៅលើតំបន់​ Gaza Strip  មុនថ្ងៃរះ នាព្រឹក ថ្ងៃចន្ទ ទី១៧ ខែឧសភា ​។​ អ៊ីស្រាអែល​បានវាយប្រហារទៅលើគោលដៅភេរវកម្ម ចំនួន៣៥កន្លែង ហើយបានកម្ទេចផ្លូវក្រោមដី​ ចម្ងាយ១៥គីឡូម៉ែត្រ ដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស។​

កងទ័ពអ៊ីស្រាអែល បាន​បញ្ជាក់ថា ការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល បានវាយកម្ទេចទៅលើផ្ទះរបស់មេបញ្ជាការកំពូលៗរបស់ក្រុមហាម៉ាស ចំនួន៩កន្លែង​។ ប៉ុន្ដែភ្លាមៗនោះ គេនៅមិនទាន់មានសេចក្ដីរាយការណ៍ អំពីចំនួនមនុស្សស្លាប់ នៅឡើយ។

ដោយឡែកមន្រ្ដីប៉ាឡេស្ទីន នៅតំបន់ Gaza បានអះអាងថា ការវាយប្រហារនេះ បណ្ដាលឲ្យកាត់ផ្ដាច់បណ្ដាញអគ្គិសនី និងខូចខាតផ្ទះ និងអគាររាប់រាយខ្នង។​ រីឯចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ នៅក្នុងតំបន់ Gaza​ បានកើនឡើងដល់១៩៧នាក់ រួមទាំង កុមារចំនួន៥៨នាក់ និងស្រ្ដី ចំនួន៣៤នាក់។ ដោយឡែកមនុស្សចំនួន ១ ២៣០នាក់ផ្សេងទៀតបានរងរបួស។ ប៉ុន្ដែកងទ័ពអ៊ីស្រាអែល ក៏បានថ្លែងថា កងជីវពលរាប់សិបនាក់ ត្រូវបានសម្លាប់៕