បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ​ប្រទេសថៃបានចាប់ផ្ដើម​ផ្ទុះការឆ្លងកូវីដ-១៩ ជិត១០ ០០០នាក់ និងមានករណីស្លាប់ថ្មី ២៥នាក់ ហើយនេះជាការឆ្លងមួយដ៏ច្រើនបំផុត មិនធ្លាប់មាន នៅក្នុងប្រទេសនេះ។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ ហៅកាត់ CCSA របស់ថៃ បានចេញរបាយការណ៍ នៅព្រឹក ថ្ងៃទី១៧ ខែឧសភា ថា ថៃ​រកឃើញករណីឆ្លងថ្មី ចំនួន ៩ ៦៣៥នាក់ ដោយរួមទាំងអ្នកដំណើរមកពីក្រៅប្រទេសចំនួន៩ករណីផងដែរ និងករណីស្លាប់ថ្មី ចំនួន ២៥នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងជិត១០ ០០០នាក់នោះ គឺតំបន់ដែលឆ្លងច្រើនជាងគេ រួមមាន ក្រុងបាងកក ចំនួន ១ ៨៤៣នាក់, ខេត្តសមុទ្រប្រាកាន ចំនួន១៥៥នាក់, ខេត្ត Pathum Thani ចំនួន១៤៦នាក់ និង ខេត្ត Nonthaburi ចំនួន១២៦នាក់។​ ដោយឡែក ករណីនាំចូលមកពីក្រៅប្រទេស ចំនួន៩ករណីផ្សេងទៀត រួមមាន ជនជាតិថៃចំនួន៧នាក់ មកពីម៉ាឡេស៊ី ប៉ាគីស្ថាន និងប្រទេសជិតខាង ហើយពីរនាក់ទៀត ជាជនបរទេស មកពីប្រទេសអៀរឡង់ដ៍ និងអ៊ីស្រាអែល។​

គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ថៃមានអ្នកឆ្លងកូវីដ-១៩ សរុប ​១១១ ០៨២នាក់ ហើយក្នុងនោះមានឆ្លងក្នុងស្រុក ៩៦ ៨៦២នាក់, ឆ្លងក្នុងគុក ១០ ៧៤៨នាក់ និង ៣ ៤៧២នាក់ ជាអ្នកដំណើរវិលត្រឡប់មកពីក្រៅប្រទេស។  ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ចំនួន៦៧ ២០០នាក់ និងស្លាប់៦១៤នាក់។ ដោយឡែកអ្នកជំងឺចំនួន ៤៣ ២៦៨នាក់កំពុងសម្រាកព្យាបាល៕