បរទេស៖ រហូតមកដល់ពេលនេះ ការិយាល័យសន្ដិសុខសុខាភិបាលជាតិថៃ ហៅកាត់ NHSO បានអនុម័តលើថវិកា ចំនួន១០០លានបាត (ប្រាក់ថៃ) ឬស្មើនឹង ៣ ១៨៩ ១៨០ដុល្លារសហរដ្ឋអាមេរិក សម្រាប់​រងគ្រោះពីប្រតិកម្ម នៃវ៉ាក់សាំងបង្ការកូវីដ-១៩។

សារព័ត៌មានថៃ The Nation បានចុះផ្សាយ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ថា លោកវេជ្ជបណ្ឌិត Jadet Thammathat-Aree អគ្គលេខាធិការ NHSO បានថ្លែង កាលពីថ្ងៃអាទិត្យ (ទី១៦ ខែឧសភា) ថា​ NHSO បានអនុម័តកញ្ចប់ថវិកា ចំនួន១០០លានបាត (ប្រាក់ថៃ) សម្រាប់អ្នករងគ្រោះពីប្រតិកម្ម នៃវ៉ាក់សាំងបង្ការកូវីដ-១៩​។ អ្នកដែលប្រតិកម្មអាលែហ្ស៊ី  (Allergic Reactions) ក្រោយការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងទទួលបានសំណង ពីការិយាល័យសន្ដិសុខសុខាភិបាល​ (NHSO) ។​

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ​NHSO ​បានកំណត់ថវិកាចំនួន ១០០,៣២ លានបាត (ប្រាក់ថៃ) ដើម្បីទូទាត់សំណងដល់អ្នកទទួលវ៉ាក់សាំង ក្នុងករណីមានប្រតិកម្មអាលែហ្ស៊ី។  ពលរដ្ឋ​គ្រប់រូបអាចទាមទារសំណងនេះបាន ដោយមិនគិត​ថា​ ពួកគេស្ថិតក្រោមការធានារ៉ាប់រងពីរបបសន្តិសុខសង្គម, កាន់ប័ណ្ណសុខុមាលភាព និង មន្រ្តីរាជការ ឬអ្នកជំនាញសុខភាពនោះឡើយ។ ការសងសំណងនេះ មានប្រសិទ្ធភាព ចាប់ពីថ្ងៃទី៥ ខែមេសា រហូតតមក។

លោកវេជ្ជបណ្ឌិត អគ្គលេខាធិការ  បានបញ្ជាក់ទៀតថា លក្ខណៈវិនិច្ឆ័យ សម្រាប់សំណង មានដូចខាងក្រោម​៖

១-ទទួលបានសំណង អតិបរមា ចំនួន៤០០ ០០០បាត ឬស្មើនឹង ១២ ៧៥៦ដុល្លារសហរដ្ឋអាមេរិក ក្នុងករណីមរណភាព ឬពិការទាំងស្រុង។​

២-ទទួលបានសំណង អតិបរមា ២៤០ ០០០បាត ឬស្មើនឹង ៧៦៥៤ដុល្លារ ក្នុងករណីបាត់បង់សរីរាង្គ ឬពិការ។​

៣-ទទួលបានសំណងជាអតិបរមា ចំនួន១០០ ០០០បាត ឬស្មើនឹង ៣ ១៨៩ដុល្លារ ក្នុងករណីរបួស ឬមានជំងឺ​ប្រចាំកាយរហូត។​

លោកវេជ្ជបណ្ឌិត អគ្គលេខាធិការ បានបន្ដថា អ្នករងផលប៉ះពាល់ អាចដាក់ពាក្យបណ្ដឹង ទាមទារសំណងនេះ នៅតាមមន្ទីរពេទ្យសាធារណៈ, ការិយាល័យសុខាភិបាលតាមខេត្តនាន ឬការិយាល័យសាខារបស់ NHSO​ ។​ ក្នុងករណីបណ្ដឹងនីមួយ នឹងត្រូវចំណាយពេល៥ថ្ងៃ សម្រាប់ការ​វិនិច្ឆ័យ។​

លោកវេជ្ជបណ្ឌិត បានបន្ដថា​ រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋ ចំនួន២៦៧នាក់ បានដាក់ពាក្យបណ្ដឹង សុំទារសំណងនេះហើយ។ ពួកគេទាំងនោះ រស់នៅក្នុងខេត្តចំនួន២ រួមមាន ​ខេត្ត Chiang Mai និង Ubon Ratchathani ខណៈខេត្តដទៃទៀត​នៅមិនទាន់បានដាក់ពាក្យបណ្ដឹងនៅឡើយ៕