បរទេស៖ ព្យុះស៊ីក្លូនដ៏មានកម្លាំងខ្លាំង បានវាយប្រហារទៅលើប្រទេសឥណ្ឌា បណ្ដាលឲ្យមនុស្ស៦នាក់បាត់បង់ជីវិត និងជាង២០នាក់កំពុងបាត់ខ្លួន ហើយអ្នកស្រុកជាង ១៥០ ០០០នាក់ ត្រូវជម្លៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ។​

សារព័ត៌មានថៃ (បាងកកប៉ុស្ដិ៍) បានផ្សាយ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ថា​ ស៊ីក្លូន​Tauktae (Cyclone Tauktae) ជាព្យុះត្រូពិកដ៏ខ្លាំងដំបូងគេរបស់ឥណ្ឌា នៅក្នុងរដូវនេះ ហើយព្យុះនេះ​កំពុងតែ​បក់បោក​តម្រង់ទិសដៅទៅកាន់ឆ្នេរភាគខាងលិច ប្រទេសឥណ្ឌា។ ព្យុះនេះ​នាំទៅជាមួយនឹងភ្លៀងធ្លាក់មកយ៉ាងខ្លាំង ផ្គររន្ទះ និងខ្យល់ដ៏ខ្លាំង វាយប្រហារទៅលើរដ្ឋជាច្រើនរបស់ឥណ្ឌា។

ក្រសួងឧតុនិយមឥណ្ឌា បានបញ្ជាក់ថា ​ព្យុះនឹង​ទៅដល់ដែនគោក ក្នុងឆ្នេរ​ Gujarat នាព្រឹក ថ្ងៃអង្គារ (ថ្ងៃទី១៨ ខែឧសភា​) ដោយវាមានល្បឿន ចន្លោះពី១៥៥-១៦៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយ​ល្បឿនរបស់វាក៏អាចនឹងកើន​ដល់ ១៨៥គីឡូម៉ែត្រ ក្នុង១ម៉ោង។​

លោក Amit Shah រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃឥណ្ឌា បានថ្លែងថា ឥណ្ឌាបានដាក់ពង្រាយកម្លាំងឆ្លើយតបនឹងគ្រោះមហន្ដរាយ រាប់ពាន់នាក់ទៅកាន់រដ្ឋជាច្រើន។ ក្រៅពីនេះ ឥណ្ឌា​បានពង្រាយកងឆ្មាំសមុទ្រ កងនាវា កងទ័ព និងកងទ័ពអាកាសប្រចាំការ សម្រាប់ជួយសង្រ្គោះពលរដ្ឋផងដែរ។​

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្ដរាយឥណ្ឌា បានបញ្ជាក់ កាលពីថ្ងៃទី១៦ ខែឧសភា ថា មានមនុស្ស៤នាក់បានបាត់បង់ជីវិត ដោយសារភ្លៀង និងខ្យល់ព្យុះខ្លាំង វាយប្រហារទៅលើរដ្ឋ​ Karnataka ។​ រីឯទីក្រុង និងភូមិជាច្រើនទៀត ត្រូវទឹកជំនន់ជន់លិច និងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអស់ជាច្រើន។​ ដោយឡែកមនុស្ស២នាក់ទៀត ក៏បានស្លាប់ នៅក្នុងរដ្ឋ Goa ហើយអ្នកនេសាទចំនួន២៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន នៅក្នុងរដ្ឋ​ Kerala ។

រដ្ឋាភិបាលឥណ្ឌា បានបញ្ជាក់ថា ពលរដ្ឋជាង ១៥០ ០០០នាក់ ត្រូវបានជម្លៀស ចេញពីស្រុកនានា ដែលនៅជាប់នឹងឆ្នេរសមុទ្រ នៅក្នុងរដ្ឋ​ Gujarat ។

រហូតមកដល់ពេលនេះ ឥណ្ឌាកំពុងតែរងគ្រោះពីជំងឺកូវីដ-១៩កាន់តែខ្លាំង ហើយកាលពីថ្ងៃទី១៦ ខែឧសភា មានអ្នកឆ្លងថ្មីជាង៣១ម៉ឺននាក់ និងករណីស្លាប់ថ្មីជាង៤ពាន់នាក់។ គិតត្រឹមវេលានេះ ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ សរុប ជាង២៤,៧លាននាក់ និងស្លាប់ជាង២៧០ ០០០នាក់៕​