បរទេស៖ គិតត្រឹមល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នេះ ថៃនៅតែជាប្រទេសភូមិផងរបងជាមួយនឹងកម្ពុជា មានអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃច្រើនជាងគេ ក្នុងចំណោមប្រទេសមានព្រំដែនជាប់គ្នាជាមួយចំនួន៣។

សារព័ត៌មានថៃ  (The Thaiger) បានផ្សាយ នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ថា ក្រសួងសុខាភិបាលសាធារណៈថៃ បានរាយការណ៍ថា ថៃរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៣ ០៩៥នាក់ និងករណីស្លាប់ថ្មី ចំនួន១៧នាក់។​ គិតត្រឹមវេលាខាងលើ ថៃមានអ្នកឆ្លងកូវីដ-១៩ សរុប ៩៩ ១៤៥នាក់ ស្លាប់៥៦៥នាក់ មានអ្នកជាសះស្បើយ ចំនួន ៦៣ ៦៦៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន៣៤ ៩១៣នាក់។

ដោយឡែក ក្រសួងសុខាភិបាលកម្ពុជា បានរាយការណ៍ថា កម្ពុជារកឃើញករណីឆ្លងថ្មី ៣៣៥នាក់ តែមិនមានករណីស្លាប់ថ្មីទេ។ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩សរុប ២១ ៨៣៤នាក់ ហើយក្នុងនោះមានអ្នកជាសះស្បើយ ១០ ៧៤០នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន ១០ ៩៤៧នាក់ ហើយស្លាប់១៤៧នាក់។

វៀតណាម រកឃើញករណីឆ្លងថ្មី៣៨នាក់ តែមិនមានករណីស្លាប់ថ្មីទេ។ វៀតណាម មានអ្នកឆ្លងកូវីដ-១៩ សរុប ៣ ៨៥៤នាក់ ហើយក្នុងនោះជាសះស្បើយ ចំនួន ២ ៦៥៧នាក់ និងកំពុងសម្រាកព្យាបាល ១ ១៦២នាក់ និងស្លាប់ចំនួន៣៥នាក់។ នេះបើតាមការចេញផ្សាយរបស់ Worldometer។

ឡាវរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ៧២នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ឡាវមានអ្នកឆ្លងសរុប ១​៥៧០នាក់ ហើយក្នុងនោះមានអ្នកជាសះស្បើយ ៥៥៥នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ១ ០១៣នាក់ ហើយ២នាក់ស្លាប់។នេះបើតាមការចេញផ្សាយរបស់ Worldometer៕