ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការឧបត្ថម្ភនេះនៅលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១នេះថា នឹងឧបត្ថម្ភថវិកា ១០លានរៀល ជូនដល់អ្នកដែលចាក់វ៉ាក់សាំងទី២លាន។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ថ្ងៃនេះ១៤ ខែ ឧសភា ២០២១ យើងរកឃើញមនុស្សទី២លាន ដែលបានទៅក្មួយស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការិនីរោងចក្រដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត។ សូមក្មួយស្រី ទិត ចិន្តា ទទួលយករង្វាន់ពី លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង។

ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍បន្ថែមថា ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាអោយល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវអោយយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។
ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះដែលថ្ងៃនេះយើងចាក់បាន២លាននាក់
ស្មើនឹង២០ភាគរយរួចទៅហើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១១ ខែ មេសា ២០២១ យើងបានរកឃើញមនុស្សទី១លានដែលបានចាក់វ៉ាក់សាំងដែលបានទៅលើឈ្មោះ ប៉ាន់ សុវណ្ណរិទ្ធិ ដែលទទួលបានរង្វាន់១០លានរៀល ៕