រាជធានីភ្នំពេញ ៖ យោងតាមកំណត់ហេតុរបស់សមត្ថកិច្ច កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ឧកញ៉ា ហេង សៀ បញ្ជាក់ថា « ក្នុងអំឡុងខែមេសា ខ្ញុំបានស្គាល់ឈ្មោះ យូប៊ី (កញ្ញា មាន ពេជ្ររីតា ) ដែលមានមុខរបរជាអ្នកថតផ្សាយពាណិជ្ជកម្ម ដោយឈ្មោះយូប៊ីបានប្រើប្រាស់លេខទូរសព្ទពីរខ្សែ ហើយថតផ្សាយពាណិជ្ជកម្មនិងបង្ហាញម៉ូតឲ្យក្រុមហ៊ុន POUNG STUDIO។

ការទំនាក់ទំនងគ្នានេះ ក្នុងនាមស្រ្តីរកស៊ីផ្លូវភេទ (ស៊ីនំឲ្យលុយ) ខ្ញុំបានទំនាក់ទំនងណាត់ជួបឈ្មោះយូប៊ី ចំនួន៣លើក ហើយច្រើនជួបគ្នានៅផ្ទះសំណាក់ ជួបម្តងតម្លៃ២០០ដុល្លារ ទៅ៣០០ដុល្លារ។ រាល់ការទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាម។ ក្នុងទំនាក់ទំនងរវាងរូបខ្ញុំនិងឈ្មោះយូបីមិនមែនជាសង្សារឬប្រពន្ធចុងទេ គឺស៊ីនំរួចឲ្យលុយចប់។ តែរូបខ្ញុំធ្លាប់បានជួយឧបត្ថម្ភលុយឈ្មោះយ៉ូប៊ីម្តងចំនួន១៥០០ដុល្លារ ដោយគេត្រូវការលុយបង់ថ្លៃសាលា។

លុះមកដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២ និង១២នាទី រូបខ្ញុំបានបើករថយន្តមួយគ្រឿងម៉ាក KIA ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AC-7258 បើកចេញពីផ្ទះក្នុងគោលបំណងទៅក្រុមហ៊ុនសេង ស្រេងហុង អាហរ័ណនីហរ័ណចំកាត់ ស្រាប់តែនៅពេលធ្វើដំណើរតាមផ្លូវ ក៏ឈ្មោះ យូប៊ី បាន Messages លេខទូរស័ព្ទចូលមកលេខរបស់ខ្ញុំ ឱ្យរូបខ្ញុំទៅជួប នៅម្តុំសាលាអាស៊ីអឺរ៉ុប សង្កាត់ទឹកល្អកទី២ ខណ្ឌទួលគោក។ នៅពេលដែលខ្ញុំបានបើករថយន្តទៅដល់ក៏បានជួបនាង យូប៊ី រួចហើយនាងក៏បានឡើងជិះរថយន្តជាមួយខ្ញុំ ដោយខ្ញុំជាអ្នកបើក ចំណែកឈ្មោះយូបី អង្គុយពីខាងក្រោយ
ខ្ញុំ ហើយឱ្យខ្ញុំបើកឡានចុះឡើង ២ ទៅបីបក ដើម្បីរង់ចាំមនុស្សស្រីម្នាក់ទៀតជាមិត្តរបស់នាង។

ក្នុងពេលបើករថយន្ត ឈ្មោះយូប៊ី បានឱ្យបាញ់លុយតាម ABA ចូលក្នុងគណនីរបស់នាងចំនួន៣០ ដុល្លារ តែខ្ញុំគិតថាតិចពេក ក៏បាញ់លុយបន្ថែមបង្គ្រប់៥០ដុល្លារ ក្នុងពេលនោះ ឈ្មោះយូប៊ី ប្រហែលមើលឃើញលេខសម្ងាត់របស់ខ្ញុំ ពេលនោះ នាងក៏ឱ្យខ្ញុំបើករថយន្តអែបកៀន ផ្លូវច្រកតូចលេខ១៣៨ កែងផ្លូវផ្លូវ២៥៩ សង្កាត់ទឹកល្អក២ ខណ្ឌទួលគោក រួចហើយនាងបានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួច យកមកចាក់លើក្បាលពោះខាងស្តាំរបស់ខ្ញុំចំនួន២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់។

ភ្លាមនោះខ្ញុំស្រវាបើកទ្វារថយន្តរួចចេញរត់មកខាងក្រៅ ដើម្បីឱ្យគេជួយ ចំណែកនាងបានបើកទ្វារឡានរួចដើរគេចខ្លួនបាត់ទៅ។ ដោយបានយកទូរស័ព្ទដៃរបស់ខ្ញុំមួយគ្រឿងម៉ាក Iphone 12 ProMax ព៌ណទឹកមាស គេចខ្លួនបាត់។ ចំណែករូបខ្ញុំ ដោយមានស្មារតីរឹងមាំ ក៏បើករថយន្តដោយខ្លួនឯងទៅមន្ទីរពេទ្យព្រះកុសុមៈ រួចក៏បន្តមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

ប៉ុន្តែនៅថ្ងៃនេះ អ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងនោះ ស្រាប់តែបែកធ្លាយ លិខិតសុំអភ័យទោសរបស់ឧកញ៉ា ហេង សៀ ចំពោះថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា និងក្រុមគ្រួសារ ដែលរូបលោកលួចមានស្នេហាជាមួយ កញ្ញា មាន ពេជ្ររីតា កន្លងមក។

ឧកញ៉ា ហេង សៀ បញ្ជាក់ក្នុងលិខិតនោះ ៖ “នៅថ្ងៃកើតហេតុនេះបណ្ដាលមកពីកញ្ញ មាន ពេជ្ររីតា បានទាក់ទងឱ្យខ្ញុំមកជួប បន្ទាប់ពីគាត់បានទាមទារប្រាក់ផ្ដាច់ចំណងស្នេហាច្រើនលើសលប់ពេក ដែលបណ្ដាលឱ្យខ្ញុំបាទមិនអាចបំពេញបំណងនាងបាន ហើយក៏ខ្ញុំបាទមិននឹកស្មានថា នាងមានកាំបិតមកចាក់ខ្ញុំបាទភ្លាមៗទេ»៕