ភ្នំពេញ៖ណាហ្គាវើលដ៍បេះដូងសប្បុរស បានបន្តធ្វើការឧបត្ថម្ភដល់ពលរដ្ឋនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដែលពេលនេះបានសហការជាមួយកសិដ្ឋានណាហ្គា ផ្តល់គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋជាង ១.០០០ គ្រួសារដែលកំពុងស្វែងរកជំនួយនៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាល។ ការឧបត្ថម្ភនេះ ត្រូវបានអញ្ជើញទទួលដោយលោក ខុន សេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល ។

ការបិទខ្ទប់ក្នុងពេលថ្មីៗនេះ ត្រូវបានបញ្ចប់នៅថ្ងៃទី៦ ខែឧសភាជាមួយនឹងការចាត់វិធានការថ្មីៗនៅតាមទីតាំងដែលមានការឆ្លងរីករាលដាលខ្លាំង។ ស្រុកអង្គស្នួលនៃខេត្តកណ្តាល គឺជាទីតាំងមួយដែលមានរោងចក្រ និងកម្មករកម្មការិនីបំពេញការងារច្រើន ហើយក៏មានការឆ្លងរីករាលដាលគួរឲ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ។ ដោយមើលឃើញពីទុក្ខលំបាកដែលបងប្អូននៅទីនោះកំពុងជួបប្រទះ និងដោយបានធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន កសិដ្ឋានណាហ្គា និងណាហ្គាវើលដ៍បេះដូងសប្បុរស បានសម្រេចឧបត្ថម្ភនូវស្បៀងអាហារចាំបាច់ ដូចជាអង្ករ ២៥.០០០ គីឡូក្រាម មី ៣០.០០០ កញ្ចប់ ត្រីខ ១០.០០០ កំប៉ុង ទឹកត្រី ៦.០០០ ដប និងទឹកស៊ីអ៊ីវ ៦.០០០ ដបដល់ពួកគេ។

ស្បៀងអាហារទាំងនេះ ត្រូវបានឧបត្ថម្ភនៅក្នុងពិធីប្រគល់ និងទទួលដែលមានការអញ្ជើញចូលរួមរបស់លោក ខុន សេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល លោក ដាវ បុត្ររង្សី អភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល លោក នូ សុវណ្ណរិទ្ធ អភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល និងលោក ឆៃ បូណា នាយករដ្ឋបាលសាលាស្រុកអង្គស្នួល។ ពិធីនេះ ក៏មានវត្តមានរបស់លោក Terry Goh អ្នកឯកទេសកសិកម្មនៃកសិដ្ឋានណាហ្គា លោក Pern Chen ប្រធានផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស និងលោក Cherchi Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។

អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល លោក ខុន សេរីរដ្ឋា បានមានប្រសាសន៍ថា “យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះទឹកចិត្តសប្បុរសរបស់កសិដ្ឋានណាហ្គា និងណាហ្គាវើលដ៍បេះដូងសប្បុរសដែលបានឧបត្ថម្ភស្បៀងអាហារដ៏ចាំបាច់សម្រាប់ក្រុមគ្រួសារដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហមនាពេលនេះ។ ការបិទខ្ទប់នេះ គឺជាស្ថានភាពដ៏លំបាកមួយ ដូច្នេះសហគមន៍របស់យើង ត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើការឧបត្ថម្ភនានាដូចជាការឧបត្ថម្ភនៅពេលនេះជាដើម។ ការឧបត្ថម្ភនេះ មិនត្រឹមតែជាស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាក្តីសង្ឃឹមដើម្បីឆ្លងផុតគ្រាដ៏លំបាកនេះផងដែរ”។

សូមបញ្ជាក់ថា កសិដ្ឋានណាហ្គា ត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះនៅក្នុងស្រុកអង្គស្នួលដែលមានប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាបុគ្គលិក។ កសិដ្ឋានវារីវប្បកម្មនេះ គឺជាកន្លែងចិញ្ចឹមត្រីទីឡាផ្ចា ត្រីអណ្តែង និងខ្យងទឹកសាបនៅក្នុងស្រះទឹកធំដែលត្រូវបានជីកនៅក្នុងកសិដ្ឋានផ្ទាល់ព្រមទាំងមានការដាំបន្លែ ដូចជាត្រកួននៅលើទឹក ឬហៅថា វិធីសាស្ត្រអាក្វ័រផូនិកផងដែរ។ កសិដ្ឋាននេះ ប្រើប្រាស់បច្ចេកទេសវារីវប្បកម្មដែលមានប្រព័ន្ធសម្អាតទឹកតាមបែបធម្មជាតិ។

លោក Terry Goh អ្នកតំណាងកសិដ្ឋានណាហ្គា បានឲ្យដឹងថា “ជាផ្នែកមួយនៃស្រុកអង្គស្នួល យើងត្រូវជួយឧបត្ថម្ភគាំទ្រដល់សហគមន៍ និងគ្រួសាររបស់ពួកគេ។ បុគ្គលិករបស់យើង រស់នៅទីនេះ ពួកគេមានគ្រួសារនៅទីនេះ។ យើងសង្ឃឹមថា ស្បៀងអាហារដែលយើងឧបត្ថម្ភ នឹងជួយកាត់បន្ថយបន្ទុករបស់ពលរដ្ឋនៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះបានមួយកម្រិត”។

គំនិតផ្តួចផ្តើមរបស់កសិដ្ឋានណាហ្គាក្នុងការផ្តល់ត្រឡប់ទៅឲ្យសហគមន៍នៅក្នុងស្រុកអង្គស្នួល ត្រូវបានជំរុញ និងជួយសម្របសម្រួលដោយណាហ្គាវើលដ៍បេះដូងសប្បុរស។ គួរដឹងផងដែរថា កាលពីថ្ងៃទី២៩ ខែមេសា ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភស្បៀងអាហារដែលមានទឹកប្រាក់ ១០០.០០០ ដុល្លារដល់ ៣.៥០០ គ្រួសារនៅក្នុងតំបន់ប្រហមក្នុងរាជធានីភ្នំពេញ។

គួរកត់សម្គាល់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភជាបន្តបន្ទាប់ដល់ស្ថាប័នសាធារណៈដើម្បីរក្សាសុវត្ថិភាពនៅក្នុងសហគមន៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ការឧបត្ថម្ភទាំងនោះ រួមមាន ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ធ្វើតេស្តរកមេរោគ និងបរិក្ខារបង្ការ ដូចជាម៉ាស់ ជែលលាងដៃ និងទែរម៉ូម៉ែត្រស្វ័យប្រវត្តិដល់ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញ។ បូករួមជាមួយនឹងការឧបត្ថម្ភចុងក្រោយដែលមានទឹកប្រាក់ជាង ២៧.០០០ ដុល្លារនេះ ទឹកប្រាក់សរុបដែលត្រូវបានឧបត្ថម្ភក្នុងអំឡុងពេលជំងឺរាតត្បាតនេះ មានចំនួន ២៤៥.០០០ ដុល្លារ។