បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ថៃបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ជិត៥០០០នាក់ និងករណីស្លាប់ថ្មី ៣២នាក់ ហើយនេះជាការឆ្លងកូវីដ-១៩ប្រចាំថ្ងៃដ៏ច្រើនបំផុត មិនធ្លាប់មានពីមុនមក។

ក្រសួងសុខាភិបាលសាធារណៈថៃ បានរាយការណ៍ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ថា ថៃបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៤ ៨៨៧នាក់ និងករណីស្លាប់ថ្មី ចំនួន៣២នាក់។ ជាមួយនឹងតួលេខឆ្លង និងស្លាប់ថ្មីនេះ ធ្វើឲ្យប្រទេសថៃមានអ្នកឆ្លងកូវីដ-១៩ កើនដល់ ៩៣ ៧៩៤នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ៦៤ ៨៩១នាក់ និងស្លាប់ ៥១៨នាក់។

រហូតមកដល់ពេលនេះ ថៃក្លាយជាប្រទេសជិតខាងកម្ពុជា មានអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃដោយកូវីដ-១៩ច្រើនជាងគេបំផុត។ បច្ចុប្បន្ន រដ្ឋាភិបាលថៃបាន និងកំពុងបង្កើនគោលការណ៍លើការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជារបៀបវារជាតិ។ ប្រទេសនេះបានបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ-១៩ជាបន្ដបន្ទាប់ យ៉ាងតិច​១៥០លានដូស​ ពីសហរដ្ឋអាមេរិក អង់គ្លេស និងចិន រួមមាន វ៉ាក់សាំង AstraZeneca, Johnson & Johnson, Pfizer  និង Sinovac របស់ចិន៕