បរទេស៖ រហូតមកដល់ពេលនេះ ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា នៅមិនទាន់មានសញ្ញាណាមួយថមថយនៅឡើយ ហើយការស្លាប់ប្រចាំថ្ងៃ មានចំនួនជាង៤០០០នាក់ និងការឆ្លងថ្មី ជាង ៣៦០ ០០០នាក់​។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ឥណ្ឌាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មី  ចំនួន៣៦២ ៤០៦នាក់ និងករណីស្លាប់ថ្មី ៤ ១២៦នាក់។ គិតត្រឹមវេលាខាងលើ ឥណ្ឌាមានអ្នកឆ្លងសរុប ២៣ ៧០២ ៨៣២នាក់ ស្លាប់ ២៥៨ ៣៥១នាក់ និងជាសះស្បើយ ១៩​ ៧២៨ ៤៣៦នាក់ ហើយអ្នកជំងឺ ចំនួន ៣ ៧១៦ ០៤៥នាក់ កំពុងសម្រាកព្យាបាល។

ឥណ្ឌាបានចាប់ផ្ដើមផ្ទុះការឆ្លងកូវីដ-១៩កាន់តែខ្លាំងឡើង ចាប់តាំងពីរដ្ឋាភិបាលទីក្រុងញូវដេលី​ បានបន្ធូរបន្ថយការរឹតត្បិតវិធានការទប់ស្កាត់កូវីដ-១៩ ហើយបើកឲ្យមានពិធីបុណ្យសាសនាហិណ្ឌូដ៏ធំ ដោយមានមនុស្សរាប់លាននាក់ចូលរួម។ រហូតមកដល់ពេលនេះ ឥណ្ឌាកំពុងធ្លាក់ចូលទៅក្នុងវិបត្ដិសុខភាព កាន់តែខ្លាំងឡើង ហើយពិបាកនឹងរើសបម្រះចេញពីវិបត្ដិនេះខ្លាំងណាស់។ បច្ចុប្បន្ន ឥណ្ឌាក្លាយជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។

ប្រសិនបើរដ្ឋាភិបាលឥណ្ឌា នៅតែមិនអាចទប់ស្កាត់ និងស្ដារស្ថានភាពឆ្លងកូវីដ-១៩ឡើងវិញបាន ហើយការឆ្លង និងស្លាប់ នៅតែបន្ដបែបនេះរហូតនោះ ឥណ្ឌានឹងក្លាយជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក នាពេលដ៏ខ្លីខាងមុខនេះ៕