ពីមួយថ្ងៃទៅមួយថ្ងៃជំងឺកូវីដ១៩ចេះតែកើនឡើងឥតស្រាកស្រាន្ដបន្ដិចណាសោះរហូតរកកន្លែងសម្រាកព្យាបាលមិនចង់បាន ដូចនេះហើយអ្នកជំងឺកូវីដ១៩មួយចំនួនត្រូវបានឱ្យព្យាបាលនៅតាមផ្ទះ ដើម្បីបន្ថែមភាពងាយស្រួលនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានចេញសេចក្តីណែនាំមួយចំនួនអំពីថ្នាំនិងពេលវេលាសម្រាប់អ្នកព្យាបាលជំងឺកូវីដដោយខ្លួនឯងនៅក្នុងផ្ទះ។

១.ចំពោះអ្នកមានផ្ទុកវីរុសកូវីដ១៩ តែមិនទាន់មានរោគសញ្ញា
ប្រសិនបើអ្នកមានផ្ទុកវីរុសកូវីដ១៩ ប៉ុន្តែគ្មានរោគសញ្ញាដូចជា មិនក្តៅខ្លួន កម្តៅក្រោម៣៧,៥អង្សារ គ្មានក្អក គ្មានហៀរសំបោរ គ្មានឈឺបំពង់ក និងដកដង្ហើមធម្មតា នោះអ្នកមិនបាច់ប្រើប្រាស់ថ្នាំទេ។

២.ចំពោះអ្នកមានផ្ទុកវីរុសកូវីដ១៩ និងមានរោគសញ្ញាតិចតួច
ប្រសិនបើអ្នកមានផ្ទុកវីរុសកូវីដ១៩ ហើយមានរោគសញ្ញាដូចជា ក្តៅខ្លួន កម្តៅលើសក្រោម៣៧,៥អង្សារ មានឈឺសាច់ដុំ ឈឺបំពង់ក និងដង្ហើមធម្មតា៖
-សម្រាប់មនុស្សពេញវ័យ និងក្មេងទំងន់៣០គីឡូឡើងទៅ អាចប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុល៥០០ម៊ីលីក្រាម១គ្រាប់រៀងរាល់៨ម៉ោងម្តង។
-ក្មេងទំនង់ក្រោម៣០គីឡូ អាចប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុល៣០០ម៊ីលីក្រាម១គ្រាប់រៀងរាល់៨ម៉ោងម្តង។

៣.ចំពោះអ្នកមានផ្ទុកវីរុសកូវីដ១៩ និងមានរោគសញ្ញា
ប្រសិនបើអ្នកមានផ្ទុកវីរុសកូវីដ១៩ ហើយមានរោគសញ្ញាដូចជា តឹងច្រមុះ ហៀរសំបោរ ក្អកមានឬគ្មានស្លេស្ម៍ អាចប្រើថ្នាំ៖
-សម្រាប់មនុស្សពេញវ័យ និងក្មេងអាយុ៦ឆ្នាំឡើងទៅ អាចប្រើប្រាស់ថ្នាំប្រូម៉ិចស៊ីន ៨មីលីក្រាម លេបម្តង១គ្រាប់រៀងរាល់៨ម៉ោងម្តង ឬ សេទីរីហ្ស៊ីន ១០ មីលីក្រាម ម្តងក្នុង១ថ្ងៃ។

៤. រោគសញ្ញាគ្រោះថ្នាក់ដែលត្រូវរកជំនួយបន្ទាន់
ប្រសិនបើអ្នកមានផ្ទុកវីរុសកូវីដ១៩ ហើយមានរោគសញ្ញាដូចជា ពិបាកដកដង្ហើម ដកដង្ហើមបានខ្លីៗ ឬហត់ វង្វេងស្មារតី បាត់បង់ស្មារតីឬសន្លប់ ត្រូវប្រញាប់ស្វែងរកគ្រូពេទ្យជាបន្ទាន់ ឬខលទៅ១១៥៕

ក្នុងនោះលោកអ្នកក៏មិនត្រូវភ្លេចការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការណែនាំ៣កុំ ៣ការពារផងដែរ។ ចូលរួមសហការដើម្បីឆ្លងកាត់ពេលវេលាដ៏លំបាកនេះជាមួយគ្នា៕