ចំពោះមូលហេតុនាំឲ្យអ្នកជំងឺទឹកនោមផ្អែមងាយកើតដំបៅជើង មាន ២ សំខាន់ ទី១ ដោយសារតែជើងជាអវយវៈមួយដែលនៅឆ្ងាយពីបេះដូង ដែលត្រូវការនាំដឹកនាំឈាមទៅចិញ្ចឹមឆ្ងាយ។ ម្យ៉ាងវិញទៀត ដោយសារអ្នកជំងឺទឹកនោមផ្អែមមានការប៉ះពាល់ទៅនឹងសរសៃឈាម អ៊ីចឹងហើយកាលណាតែប៉ះពាល់ទៅលើសរសៃឈាម ប៉ះពាល់ទៅលើប្រព័ន្ធសរសៃប្រសាទ ធ្វើឲ្យឈាមដែលដឹកនាំទៅជើង ឬក៏ប្រព័ន្ធប្រសាទដែលមាននាទីជួយភ្ញោចជើងឲ្យដឹងក្តៅត្រជាក់មានផលប៉ះពាល់ លែងដឹងឈឺចាប់ ពេលប៉ះពាល់សារធាតុមុតស្រួចអ្វីមួយ អ្នកជំងឺមិនដឹងនោះទេទៅជាដំបៅ។

• តិចនិកថែទាំប្រអប់ជើងអ្នកជំងឺទឹកនោមផ្អែម៖
– លាង ជើងឲ្យស្អាត ហើយជូតឲ្យស្ងួត
– មើលចំណុចក្រហម ឬរឹងស្បែកនៅម្ដុំណាមួយ
– កាត់ក្រចកឲ្យបានស្អាត
– ឧស្សាហ៍ពិនិត្យមើលជើង ក្រែងឡើងដំបៅ ផ្សិត ត្រចៀកក្រាញ់ ហើយបើមានពងទឹក កុំញេច ព្រោះអាចបង្ករោគឲ្យកាន់តែធ្ងន់។
– ពាក់ស្បែកជើង និងស្រោមជើងអ្នកជំងឺទឹកនោមផ្អែមមិនត្រូវដើរជើងទទេឡើយ ព្រោះអាចមុតជើង ហើយពិបាកជា។
– ករណីខ្លះ ពេទ្យប្រាប់ឲ្យពាក់ស្បែកជើងពិសេស។
– ពាក់ជើងស្បែកជើងការពារជើងទៅតាមអាកាសធាតុ។
– កុំអង្គុយគងអន្ទាក់ខ្លា ឬកាយវិការណាដែលអាចទប់ឈាមមិនឲ្យហូរទៅចិញ្ចឹមបាតជើង។
– ប្ដូរស្រោមជើងជាប្រចាំ។
– ចៀសវាងស្បែកជើងកែង ព្រោះសម្ពាធទម្ងន់ខ្លួន នឹងធ្លាក់លើម្រាមជើង។ ស្បែកជើងសង្រែក ក៏កុំដែរ ព្រោះម្រាមជើងចំហ អាចមុត ឆ្លងរោគគ្រប់ពេល។ ពាក់ស្បែកជើងណារុំជើងជិតៗ៕
– ឈប់ជក់បារី៖ អ្នកទឹកនោមផ្អែម បើជក់បារី នឹងប៉ះពាល់ចរន្តឈាមក្នុងរាងកាយ ធ្វើឲ្យឈាមរត់ទៅបាតជើងអត់គ្រប់គ្រាន់ ហើយអាចប៉ះពាល់ធ្ងន់ធ្ងរដល់ប្រអប់ជើង និងជើង។ យកល្អ ត្រូវឈប់ជក់បារី។