ក្នុងអំឡុងពេលមានផ្ទៃពោះ ស្រ្តីតែងជួបប្រទះនូវបញ្ហាស្បែក និងផ្លាស់ប្តូររូបរាងជាដើម។ ស្បែកប្រែជាឆាប់ប្រតិកម្មនិង មានសភាពស្តើង ដោយសារតែរងឥទ្ធិពលពីក្រពេញអ័រម៉ូនម្យ៉ាងឈ្មោះថា អង់ដូគ្រីន (endocrine)។ ហេតុនេះហើយ ដើម្បីការពារស្បែកឲ្យជៀសផុតពីបញ្ហាផ្សេងៗដូចជា បញ្ហាសង្វារ។

ជៀសមិនផុតឡើយ ស្រ្តីពោះធំតែងជួបប្រទះបញ្ហាបែកសង្វារ ដោយសារតែការឡើងទម្ងន់។ វិធីការពារ គឺត្រូវលាបគ្រីមឬប្រេងការពារបែកសង្វារ ចាប់តាំងពីខែដំបូងដែលអ្នកពរពោះ។ អ្នកត្រូវតែឆ្លៀតលាបឲ្យបាន១-២ដងក្នុងមួយថ្ងៃកុំខានឲ្យសោះ ដើម្បីមិនឲ្យសង្វារបែកព្រោងព្រាត។ ជាពិសេស នៅត្រង់ផ្នែកពោះ មិនត្រូវលាបដោយម៉ាស្សាជារង្វង់ៗនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់គភ៌។ គួរលាបដោយធ្វើការម៉ាស្សាថ្នមៗពីក្រោមឡើងលើទើបល្អ។

បញ្ហាបែកសង្វារបានកើតឡើងចំពោះស្រ្តីពោះធំ ដល់ទៅជាង ៨០% ឯណោះ ហើយអ្នកខ្លះទៀតក៏បានជួបបញ្ហារមាស់ គ្មានផាសុកភាពក៏មាន។ ហេតុនេះមានកត្តាសំខាន់ៗមួយចំនួន ដែលអ្នកមិនគួរមើលរំលងដូចជា៖
• ញ៉ាំអាហារដែលជីវជាតិល្អៗឲ្យបានគ្រប់គ្រាន់ ព្យាយាមការពារកុំឲ្យឡើងគីឡូលឿនខ្លាំងពេក។
• ជៀសវាងប្រើប្រាស់ផលិតផលដែលគ្មានប្រភពច្បាស់លាស់ ឭតាមគេតាមឯង ជាពិសេសមិនត្រូវលាបផលិតផលប៉ះពាល់សុខភាព ដែលមានសារធាតុដូចជា parabens petroleum propylene or butylene glycol និង sodium lauryl sulfate ដាច់ខាត៕