រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច ផេករបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហោះថា « ការល្មើសនឹងវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺជាអំពើខុសច្បាប់!

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ សូមធ្វើការបកស្រាយលើករណី ឈ្មោះ កក្កដា សោភ័ណ្ឌ ដូចខាងក្រោមនេះ៖ តាមការស្រាវជ្រាវថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចាប់ផ្ដើមមានអាការៈមិនស្រួលខ្លួន និងមិនបានចាកចេញពីខុនដូរបស់ខ្លួន។ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចេញដំណើរពីភ្នំពេញទៅខេត្តតាកែវ ដើម្បីចូលរួមពិធីមង្គលការ និងស្នាក់នៅផ្ទះការចំនួន ១យប់។ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចាកចេញពីតាកែវ នៅម៉ោងប្រមាណ ១២៖៣០នាទី រួចហើយបន្តទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅម៉ោងប្រហែល១៤៖០០នាទី ដើម្បីយកសំណាក។ បន្ទាប់ពីយកសំណាករួច នៅប្រហែលម៉ោង ១៧៖០០នាទី ក៏បានជិះម៉ូតូកង់៣ ត្រឡប់មកខុនដូវិញ។

ថ្ងៃទី១៣ និង ១៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានធ្វើចត្តាឡីស័កនៅខុនដូរបស់ខ្លួន រហូតដល់ពេលល្ងាចថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ ទើបក្រុមគ្រូពេទ្យទាក់ទងទៅប្រាប់ថាលទ្ធផលធ្វើតេស្ដ វិជ្ជមានមេរោគកូវីដ១៩ និងបានដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។

ការផ្ទៀងផ្ទាត់ តាមទិន្និន័យផែនទី៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ គឺបានចេញដំណើរពីភ្នំពេញ ទៅខេត្តតាកែវ ដោយបានទៅដល់ខេត្តតាកែវ នៅម៉ោង ១០៖៥៧នាទី។ ផ្ទះរៀបចំពិធីមង្គលការ គឺស្ថិតនៅភូមិចា ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។

ផ្អែកលើលទ្ធផលស្រាវជ្រាវ និងការផ្ទៀងផ្ទាត់ ខាងលើនេះ ឈ្មោះ កក្កដា សោភ័ណ្ឌ ពុំបានល្មើសនឹងវិធានសុខាភិបាលទេ គឺគ្រាន់តែជាអំពើធ្វេសប្រហែស មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល លើកការពាក់ម៉ាស់ និងរក្សាគម្លាតតែប៉ុណ្ណោះ។