រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ លោក សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានស្នើបណ្តេញមន្ត្រីកងអាវុធហត្ថម្នាក់ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសារតែមន្ត្រីរូបនេះ មិនគោរពតាមបទបញ្ជារ និងបានចូលទៅតំបន់ក្រហមដោយគ្មានការអនុញ្ញាត។

មន្ត្រីអាវុធហត្ថដែលត្រូវបណ្តេញចេញពីក្របខណ្ឌនេះ មានឈ្មោះ ហម វុទ្ធី ។ បុគ្គលនេះ មិនបានទៅយាមប្រចាំការគោលដៅរបស់ខ្លួន ហើយមិនបានរាយការណ៍សុំច្បាប់ត្រឹមត្រូវទៅមេកើយរបស់ខ្លួន និងធ្វើដំណើរចូលទៅតំបន់ក្រហម ដែលមានការឆ្លងជំងឺកូវីដខ្លាំងទៅវិញ។

លោកសៅ សុខា បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា «សម្រាប់អាវុធហត្ថរូបនេះ គឺមានឈ្មោះនៅក្នុងកម្លាំងបេសកកម្មបិទខ្ទប់រាជធានីភ្នំពេញ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ប៉ុន្តែបុគ្គលរូបហ្នឹង មិនគោរពវិន័យរបស់កងយោធពលខេមរភូមិន្ទទេ នៅពេលដល់ម៉ោង ដែលខ្លួនត្រូវយាម ខ្លួនមិនគោរពពេលវេលា ដោយបានធ្វើដំណើរ ដោយមិនបានសុំច្បាប់ប្រធានរបស់ខ្លួន បាត់មុខចេញពីខាងក្នុងអង្គភាព គាត់ទៅចោមចៅក្នុងតំបន់ក្រហម។ ពេលដល់ម៉ោងយាមប្រធានអង្គភាព ដាក់អ្នកផ្សេងយាមជំនួស…ដល់ម៉ោង៨ គាត់ចូលខ្លួនមកក្នុងអង្គភាព។ យើងសួរនាំទៅ គាត់ដែលគ្មានវិន័យបានចូលទៅតំបន់គ្រោះថ្នាក់ហ្នឹង ដែលកំពុងប្រឈមនឹងឆ្លងរាលដាលហ្នឹង ដូច្នេះក្នុងវិធានការទប់ស្កាត់ការរីករាលដាលការឆ្លងជំងឺកូវីដ១៩ ចូលមកក្នុងកងកម្លាំង… ការឆ្លងមួយ ឆ្លងពីរ ត្រូវធ្វើចត្តាឡីស័កអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ១៤ថ្ងៃ ចឹងទេវិន័យរបស់កងកម្លាំង គឺដេញចេញ និងលុបឈ្មោះចេញពីកងយោធពលខេមរភូមិន្ទតែម្តង…។ សម្រាប់កងទ័ពត្រូវតែមានវិន័យ ហើយជំងឺកូវីដរឹតតែធ្វើឲ្យយើងមានវិន័យថែមទៀត ព្រោះបុគ្គលម្នាក់អាចបំផ្លាញអង្គភាពឲ្យរលាយបាន បើសិនមានការឆ្លង ដូច្នេះក្នុងនាមលោកជាមេបញ្ជាការ ដឹកនាំកម្លាំងបញ្ជាមួយរូប ត្រូវមានការទទួលខុសត្រូវចំពោះមុខប្រមុខរាជរដ្ឋាភិបាល ចំពោះមុខកងយោធពលខេមរភូមិន្ទ ចំពោះមុខប្រជាជន និងចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដោយមិនអាចបណ្តែតបណ្តោយឲ្យបុគ្គលទាំងនេះ នាំជំងឺមកបំផ្លាញកងកម្លាំង និងអង្គភាពបាននោះទេ ទោះបីជាមានការរិះគន់លោកដឹកនាំផ្តាច់ការក៏ដោយ គឺមិនអាចទទួលយកបាននោះទេ»៕