បបរមាន់ជាប្រភេទអាហារដែលយើងអ្នកអាចពិសាបានស្ទើរគ្រប់ពេលមិនថាពេលជាព្រឹក ថ្ងៃ ឬល្ងាច។ ពីមុនធ្លាប់តែចង់ញ៉ាំត្រូវទៅទិញគេ ឥឡូវនេះក្នុងស្ថានភាពតឹងតែងបែបនេះគួរតែរៀនធ្វើខ្លួនឯងវិញល្អជាង ចង់ញ៉ាំពេលណាក៏បាន ហើយមានអនាម័យទៀតផង។

១. គ្រឿងផ្សំ៖
ខ្ទឹមបារាំង ១ មើម ចិញ្ច្រាំឲ្យល្អិតៗ
ខ្ទឹមស ១ មើម
មាន់ ១ គីឡូ (គួរប្រើមាន់ស្រែ)
ទឹកត្រី ៦ ស្លាបព្រាបាយ
អំបិល ១ ចុងស្លាបព្រាកាហ្វេ
ស្ករ ១ ស្លាបព្រាបាយ
អង្ករ កន្លះកំប៉ុង
ប្រេងឆា
ផ្សិត
សៀង
ទឹកម្ទេស
ម្រេចម៉ដ្ឋ
ស្លឹកខ្ទឹម
ជីរណារ
សណ្តែកបណ្តុះ

២. វិធីធ្វើ៖
១. បំពងខ្ទឹមសជាមួយប្រេងឆា បីបួនស្លាបព្រា រហូតដល់ក្រហម ហើយដួសទុកមួយអន្លើ។ កុំទុកអោយក្រហមជ្រុលនោះខ្ទឹមនឹងមានរសជាតិល្វីង។
២. យកខ្ទឹមបារាំងចិញ្ច្រាំ ទៅបំពងនៅក្នុងឆ្នាំងថ្មីមួយ រហូតដល់ក្រហមក្រមៅ ទើបចាក់ទឹកត្រី ស្ករ អំបិល ចូលហើយកូរអោយរហ័សបន្ទាប់មកទើបចាក់ទឹកចូល១ពែងដាំអោយពុះ។
៣. លាងមាន់អោយស្អាត កាត់ជាបួនដុំ ដាក់ចូលក្នុងទឹកពុះ រួចហើយឆាត្រឡប់អោយចូលជាតិរហូតរីងទឹក ទើបចាក់ទឹកចូល ដាំអោយពុះរហូតដល់ឆ្អិនសាច់មាន់។ ពេលស្ងោរសាច់ សូមកុំគ្របឆ្នាំង ដើម្បីកុំអោយទឹកល្អក់ ហើយកុំដួសពពុះចេញ។ រំងាស់ភ្លើងក្តៅល្មម ពពុះនឹងបាត់អស់វិញ ហើយទឹកនឹងរងថ្លាក្រហមស្អាត។ បន្ទាប់មក ទើបស្រង់មាន់ឡើង ទុកអោយត្រជាក់ ទើបបេះសាច់ចេញ។
៤. លាងអង្ករហើយ ដាក់ខ្ទះឆាឆ្អិនល្មម រួចដាក់បង់ចូលទៅក្នុងទឹកស៊ុប រំងាស់អោយបែកគ្រាប់អង្ករ។ បើចង់ខាប់ សូមបន្ថយទឹក។ រួចដាក់ផ្សិតចូល។បើសិនចង់រាវ សូមចាក់ទឹកចូលបន្ថែម។
៥. សូមភ្លក្សថែមថយទឹកត្រី ឬ គ្រឿងប្រៃផ្អែមតាមចំណូលចិត្ត នៅពេលចាក់សាច់មាន់ចូលក្នុងបបរវិញ។
៦. នៅពេលញ៉ាំ យើងអាចថែមល្បោយ និងគ្រឿងដូចជា៖ ខ្ទឹមបំពង សណ្តែកបណ្តុះ សៀង ជីរវ៉ាន់ស៊ុយ ជីររណារ ម្រេចបុក ជ្រក់ម្ទេស ក្រូចឆ្មារជាដើម៕