ទំនុកចិត្តគឺជាអារម្មណ៍ ឬជាភាពជឿជាក់ដែលអាចបង្ហាញថាអ្នកមានសមត្ថភាព មានតម្លៃឬមានភាពសុទិដ្ឋិនិយម និងភាពក្លាហានក្នុងការប្រឈមមុខទៅនឹងបញ្ហានានាដែលអាចកើតឡើងចំពោះអ្នក។ ទាំងនេះជាទំនុកចិត្តបីប្រភេទដែលអ្នកត្រូវតែមាននៅក្នុងខ្លួនជានិច្ច៖

១ ទំនុកចិត្តចំពោះរូបរាងកាយ (សម្រស់) ការពេញចិត្តទៅលើរូបរាង សម្រស់ដែលខ្លួនមានវាគឺជារបៀបដែលជំរុញឲ្យអ្នកចេះស្រឡាញ់ខ្លួនឯង មានទំនុកចិត្ត និងសប្បាយចិត្តនូវអ្វីដែលខ្លួនមានពីកំណើត។ បើអ្នកមិនមានទំនុកចិត្តនេះទេ អ្នកនឹងងាយទទួលរងការវាយប្រហារពីអ្នកដទៃទៅលើរូបរាងកាយ សម្រស់ខាងក្រៅរបស់អ្នក។

២ ទំនុកចិត្តអំពីរបៀបនៃការរស់នៅ ចំណង់ចំណូលចិត្តរបស់អ្នក អ្វីៗទាំងអស់ដែលអ្នកពូកែ និងអាចធ្វើវាបានល្អនៅក្នុងជីវិតនោះគឺជាអ្វីៗដែលផ្តល់ទំនុកចិត្តដល់អ្នកប្រកបដោយភាពស្បាយរីករាយក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

៣ ទំនុកចិត្តលើខ្លួនឯង (ភាពខ្លាំងឬភាពវិជ្ជមាន) ការមានទំនុកចិត្តលើខ្លួនឯងគឺពិតជាមានសារៈសំខាន់ណាស់ វាជាអ្វីដែលអ្នកទទួលបានពីទំនុកចិត្តទាំងពីរខាងលើ ហើយនៅពេលដែលអ្នកមានវា អ្នកគឺជាមនុស្សឯករាជ្យ និងរឹងមាំបំផុត។

ក៏ប៉ុន្តែទំនុកចិត្តទីមួយនឹងទីពីរគឺងាយនឹងបាត់បង់ទៅណាស់ប្រសិនបើអ្នកមិនខិតខំកសាង ព្យាយាមថែរក្សាវានោះ។ វាអាចកើតឡើងនៅពេលដែលមិត្តភក្តិចាកចេញ គ្រួសារមិនខ្វាយខ្វល់នៅពេលដែលអ្នកត្រូវការខ្លាំងរហូតដល់អ្នកស្ត្រេស និងមានជំងឺបាក់ទឹកចិត្ត។ ដូចច្នេះទំនុកចិត្តទីបីគឺជាអ្វីដែលអាចជួយសង្គ្រោះអ្នកបាន ដើម្បីកសាងទំនុកចិត្តទាំងអស់ឡើងវិញ៕