តាមលទ្ធផលនៃការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ៧០%នៃស្ត្រីនៅសហរដ្ឋអាមេរិកមានអារម្មណ៍ធុញថប់ (Stress) ក្នុងការសន្សំប្រាក់ និងការវិនិយោគដោយសារតែផលប៉ះពាល់នៃកូវីដ-១៩។ ត្បិតតែមិនមានការស្រាវជ្រាវជាក់លាក់ណាមួយ យើងជឿជាក់ថានៅកម្ពុជាក៏មានស្រ្តី និងបុរសមិនតិចទេជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុដូចនេះ។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុអាមេរិកបានផ្តល់គំនិតជាដំណោះស្រាយ៣ជំហានដើម្បីកាត់បន្ថយអារម្មណ៍ធុញថប់ផ្នែកហិរញ្ញវត្ថុនៅពេលជួបវិបត្តិ៖

១.មានខ្ទង់ថវិកាសំរាប់គ្រាមានអាសន្ន៖
គ្រួសារនិមួយៗគួរមានខ្ទង់ថវិកាសំរាប់ចំណាយនៅគ្រាអាសន្នយ៉ាងតិចចន្លោះពី៣ទៅ៦ខែ។

២. សន្សំសំរាប់ចូលនិវត្តន៍៖
រៀងរាល់ខែគួរសន្សំប្រាក់យ៉ាងតិចក៏ចន្លោះ១០%ទៅ១៥%នៃប្រាក់ខែ។ ខ្ញុំគិតថានៅកម្ពុជាយើងគួរសន្សំយ៉ាងតិចក៏១៥%ទៅ២០%នៃប្រាក់ខែដែរព្រោះប្រាក់ខែនៅកម្ពុជាតិច បើសន្សំតិចភាគរយពេកគឺពិបាកនឹងមានប្រាក់គ្រប់គ្រាន់សំរាប់ចូលនិវត្តន៍ណាស់។

៣. រៀបចំផែនការហិរញ្ញវត្ថុ៖
អ្នក និងប្តីឬប្រពន្ធគួរពិភាក្សាគ្នារៀបចំផែនការហិរញ្ញវត្ថុសំរាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។ ការមានផែនការជាក់លាក់ និងពិនិត្យតាមដានជាប់ជាប្រចាំជួយអោយអ្នកដំណើរការការចាត់ចែងហិរញ្ញវត្ថុបានល្អប្រសើរ និងអាចកាត់បន្ថយនូវអារម្មណ៍ធុញថប់នៅពេលជួបវិបត្តិនានា។

នេះជាការលើកឡើងរបស់លោកង៉ែត ជូ ដែលជាអ្នកជំនាញខាងវិនិយោគមួយរូបនៅកម្ពុជាយើង សង្ឃឹមថាការចែករំលែកខាងលើនឹងអាចរួមចំណែកក្នុងការជួយដោះស្រាយបញ្ហាតានតឹងមួយចំនួនផ្នែកហិរញ្ញវត្ថុ៕