ការបង្កើតនិងប៉ុនប៉ងសម្រេចគោលដៅធំៗក្នុងជីវិតដោយគំហុគពេក អាចជារឿងបង្កើតសម្ពាធ មិនថាការព្យាយាមកែលំអខ្លួនឯងយ៉ាងសន្ធាប់ ឬរៀនជំនាញថ្មីៗនានា ប្រញាប់ប្រញាល់តាមនិន្នាការសង្គម ក៏ដូចជាមហិច្ឆតាហួសហេតុ ចង់ឈ្នះខ្លាំង សុទ្ធតែអាចធ្វើឲ្យជីវិតយើងមានបញ្ហា។ ប៉ុន្តែការចាប់ផ្តើមតាមរបៀបតូចៗ បន្តិចៗក្នុងមួយថ្ងៃៗ គឺជាវិធីល្អបំផុតដើម្បីសម្រេចបានសមិទ្ធិផលច្រើននៅចុងបញ្ចប់ទៅវិញ។

វិធីសាស្ត្រនេះត្រូវបានគេហៅថាក្បួន Kaizen ហើយវាជាការអនុវត្តរបស់ជប៉ុនក្នុងការធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់។ វាជាទ្រឹស្ដីមួយដែលត្រូវបានបង្កើតឡើងដំបូងនៅសហរដ្ឋអាមេរិក និងត្រូវបានអនុវត្តនៅក្នុងពិភពធុរកិច្ចដែលល្បីល្បាញបំផុតនៅក្រុមហ៊ុនតូយ៉ូតា ប៉ុន្តែវាក៏អាចអនុវត្តបាននៅគ្រប់វិស័យផងដែរ។

១. ដើរមួយជំហានម្តងៗ៖
អ្វីដែលអស្ចារ្យនៃការបង្កើននិងការកែលំអ គឺមិនចាំបាច់កំណត់គោលដៅខ្ពស់ពេកទេ។ គោលដៅដែលមានមហិច្ឆតា ហួសហេតុ អាចជាការបំភិតបំភ័យដែលនាំឲ្យមានការពន្យារពេលឬជៀសវាង។ នៅពេលគោលដៅតូច វាធ្វើឲ្យការបរាជ័យមានហានិភ័យតូចវិញដែរ។ នោះហើយជាមូលហេតុដែលវិធី Kaizen ទទួលជោគជ័យ៖ យើងគ្រាន់តែផ្ដោតលើជំហានតូចៗក្នុងមួយថ្ងៃៗ។ បើយើងសុបិនចង់ធ្វើជាម្ចាស់ហ្គីតា ប៉ុន្តែមិនអាចលេងវាបានល្អ ចាប់ផ្ដើមរៀនដោយគ្រាន់តែកត់ចំណាំ Chord នៃការលេងពីរបីដងក្នុងមួយថ្ងៃ។ នៅពេលដែលយើងអាចលេង Chord ព្យាយាមរៀន Chord ថ្មីរាល់ថ្ងៃបន្ថែម ក្នុងពេលវេលាជាក់លាក់ណាមួយ។ នៅចុងខែ យើងនឹងបានរៀនពីរបៀបលេងបទចម្រៀងមិនខាន។

២. ទម្លាប់លម្អិតការងារតែកុំតឹងរ៉ឹង៖
ការតម្រង់ជួរឆ្ពោះទៅរកភាពជោគជ័យ គឺជាអ្វីដែលក្បួន Kaizen ផ្ដោតលើ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះគឺ ការអភិវឌ្ឍទម្លាប់ ដោយផ្អែកលើការផ្ដោតអារម្មណ៍ ផ្ដោតលើគោលដៅជាក់ស្ដែង និងអាចសម្រេចបាន គោលដៅដែលអ្នកបានកំណត់តាមល្បឿនផ្ទាល់ខ្លួនដែលកំពុងតែដំណើរការល្អបំផុតសម្រាប់យើង។

យើងមិនចាំបាច់ចាប់ផ្ដើមទម្លាប់តឹងរ៉ឹងពីមួយថ្ងៃទៅមួយថ្ងៃទេ។ ប៉ុន្តែអ្វីដែលយើងធ្វើជាមួយ Kaizen គឺកសាងជំហានជាប្រចាំ ហើយយើងអាចរក្សាទម្លាប់នោះបាន។ តាមរយៈការឆ្ពោះទៅរកគោលដៅ យើងក៏អាចកែសម្រួលនៅពេលដែលយើងទៅដល់ក្នុងពេលដំណាលគ្នា ដោយបង្កើតផែនការលម្អិតបន្ថែមទៀត។ នៅពេលយើងមានផែនការលម្អិត វាធ្វើឲ្យការសម្រេចគោលដៅកាន់តែងាយស្រួល។

ដូចគ្នានេះផងដែរ Kaizen ផ្ដល់ឲ្យយើងនូវកន្លែងដកដង្ហើមបានស្រួល តាមផែនការរបស់យើង ហើយវាក៏អនុញ្ញាតឲ្យមានការច្នៃប្រឌិតមួយចំនួន។ ជារឿយៗនៅពេលយើងរៀបចំផែនការ ប្រសិនបើជំហានមួយខុស យើងនឹងវាយដំខ្លួនឯងហើយឈប់។ ប៉ុន្តែក្បួន Kaizen ពឹងផ្អែកលើការកែសម្រួលផ្ទៃក្នុងតូចៗជាច្រើន នៅពេលដែលយើងឆ្លងកាត់ ពីព្រោះមនុស្សនឹងដឹងពីរបៀបផ្លាស់ប្ដូរអ្វីមួយមិនខាន។ គ្រាន់តែសាកល្បងវិធីសាស្ត្រដែលជាជំហានតូចមួយនៅក្នុងខ្លួន យើងនឹងទទួលបានរសជាតិជីវិតថ្មី ហើយលទ្ធផលក៏ទទួលបានប្រសើរជាងមុន៕