បញ្ហាធំមួយរបស់ឪពុកម្ដាយដែលមានកូនតូចគឺគ្មានអ្វីក្រៅពីកូនយំលួងមិនបាត់នោះឡើយ។ ពេលខ្លះ ឪពុកម្ដាយ ឬក៏អាណាព្យាបាលរបស់ក្មេងសឹងតែថា ធ្វើអីក៏បានដែរឲ្យតែពួកគេបាត់យំ ប៉ុន្តែក៏នៅមិនបាត់តាមចិត្តទៀត។ ពាក់ព័ន្ធនឹងបញ្ហាក្មេងយំនេះ ក្រុមអ្នកជំនាញបានណែនាំនូវវិធីសាស្ត្រដ៏ងាយមួយដែលអាចឲ្យពួកគេបាត់យំបាន ដោយគ្រាន់តែធ្វើការម៉ាស្សាថ្នមៗលើបាតជើង ដើម្បីបំបាត់អាការនានាដែលបណ្ដាលឲ្យពួកគេយំ។ ជាដំបូង អ្នកគួរដឹងពីមូលហេតុដែលនាំឲ្យក្មេងយំជាមុនសិន។ បើអ្នកអាចដឹងថាពួកគេយំដោយសារអ្វីហើយ អាចចាប់ផ្ដើមការម៉ាស្សានៅទីតាំងផ្សេងៗដូចខាងក្រោម៖

១. បើក្មេងយំដោយសារឈឺក្បាល និងឈឺធ្មេញ គួរម៉ាស្សាបរិវេណជុំវិញម្រាមជើង។
២. បើក្មេងមានបញ្ហាតឹងច្រមុះ ឬហៀរសំបោរ គួរម៉ាស្សាកណ្ដាលម្រាមជើង។
៣. បើក្មេងមានបញ្ហាក្អក គួរម៉ាស្សានៅបរិវេណខាងក្រោមម្រាមជើង។
៤. បើក្មេងមានបញ្ហាឈឺពោះ គួរម៉ាស្សានៅផ្នែកកណ្ដាលបាតជើង។
៥. ម៉ាស្សានៅកណ្ដាលបាតជើង និងឡើងលើបន្តិច ដើម្បីឲ្យពោះវៀនក្មេងដំណើរការស្រួល និងកាត់បន្ថយការកន្ត្រាក់សាច់ដុំ។
៦. ម៉ាស្សានៅកណ្ដាលបាតជើងចុះក្រោមបន្តិច បើសិនក្មេងហើមពោះ។
៧. ម៉ាស្សានៅផ្នែកខាងក្រោមបាតជើង ដើម្បីឲ្យក្មេងមានអារម្មណ៍ស្រួលខ្លួនមុនពេលចូលគេង ៕