សម័យកូវីដទៅណាមិនឆ្ងាយពីពងទា និងត្រីខកំប៉ុងទេ។ ឥឡូវយើងសូមណែនាំម្ហូបថ្មីដល់បងប្អូន ពិសេសស្រ្ដីមេផ្ទះដែលមិនដឹងថាធ្វើម្ហូបអ្វីនោះ។ ខាងក្រោមនេះគឺរបៀបធ្វើឡុកឡាក់ត្រីខកំប៉ុង៖

គ្រឿងផ្សំ៖
១-ត្រីខកំប៉ុងធំ១កំប៉ុង
២-ប៉េងប៉ោះទុំ២ផ្លែ(សូមកុំប្រើប៉េងប៉ោះខ្ចី)
៣-ខ្ទឹមសចិញ្ច្រាំមួយស្លាបព្រាបាយ
៤-សាលាដមួយចានធំ
៥-ស្លឹកខ្ទឹមហាន់ខ្លីៗល្មម
៦-ប្រេងខ្យងកន្លះស្លាបព្រាបាយ
៧-ប្រេងឆា
៨-ស្ករស,ប៊ីចេង,និងអំបិលបន្តិចៗ

របៀបធ្វើ
១.រៀបសាលាដដាក់ក្នុងចានឲ្យមានរបៀប។
២.ដាក់ខ្ទះឲ្យក្ដៅបន្ទាប់មកចាក់ប្រេងឆាចូលរួចដាក់ខ្ទឹមបំពង។
៣.ចាក់ត្រីខចូល(ថែមទឹកបន្តិច)។
៤.ដាក់ស្ករស,ប៊ីចេង,ប្រេងខ្យង,អំបិល។
៥.ហាន់ប៉េងប៉ោះដាក់ចូលច្របល់ឲ្យស្រពាប់ប៉ុន្តែកុំឲ្យបែកសាច់ត្រី។
៦. ដួសដាក់លើចានសាលាដ រួចរោយស្លឹកខ្ទឹមលើជាការស្រេច៕