រាជធានីភ្នំពេញ៖ អាជ្ញាធរខេត្តស្វាយរៀង ពិន័យអន្តរការណ៍លើបុរសម្នាក់ ២លានរៀល ដោយសារល្មើសនឹងបំរាមឆ្លងខេត្ត។

អាជ្ញាធរខេត្តស្វាយរៀងបានឲ្យដឹងថា បុរសរូបនេះឈ្មោះ គង់ ឡុង បានអនុវត្តល្មើសមាត្រា១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ប្រភពបន្តថា នៅថ្ងៃទី២៤ ខែមេសានេះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេចរាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើររវាងខេត្ត និងខេត្ត តំណាងអភិបាលខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកស្វាយជ្រំ សហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ ចុះអនុវត្តករណីផាកពិន័យអន្តការណ៍ចំពោះបុគ្គល មិនអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការហាមឃាតការធ្វើដំណើររវាងខេត្ត និង ខេត្ត នៅគោលដៅប្រចាំការផ្លូវជាតិលេខ០១ ឃុំក្រោលគោ ស្រុកស្វាយជ្រំ និងបានពិន័យបុរសខាងលើ ចំនួន ២លានរៀល។

យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងមាត្រា១០ មានចែងពី «បទមិនគោរពវិធានការរដ្ឋបាល» ដោយកំណត់ថា ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ៥.០០០.០០០(ប្រាំលាន)រៀល៕