វ៉ាក់ស៊ាំងបង្ការជំងឺCovid-19 ជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស ដ៏កាចសាហាវនេះ ។ ស្របពេលជាមួយគ្នានេះ មានមនុស្សជាច្រើននៅទូទាំងពិភពលោក រួមទាំងប្រជាពលរដ្ឋខ្មែរផង នៅតែមានចម្ងល់មួយចំនួនដូចជា ថាតើស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនអាចចាក់វ៉ាក់ស៊ាំងបានឬទេ ? យោងតាមគេហទំព័រ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង ខាងក្រោមនេះ ជាចម្លើយខ្លះៗទាក់ទងជាមួយបញ្ហាខាងលើ!

ជាធម្មតាវ៉ាក់ស៊ាំងអាចផ្ដល់ផលអវិជ្ជមានដល់សុខភាព ដោយពេលខ្លះមានសភាពតិចតូច ឬ ធ្ងន់ធ្ងរ សម្រាប់មនុស្សទូទៅ ។ ប៉ុន្តែចំពោះស្រ្តីមានផ្ទៃពោះ ដែលបានចាក់វ៉ាក់ស៊ាំង បង្ការជំងឺ Covid-19 អាចមានហានិភ័យខ្ពស់ជាងមនុស្សធម្មតាដូចជាកូនកើតមិនគ្រប់ខែ នេះបើធ្វើការប្រៀបធៀបជាមួយស្រ្តីមានផ្ទៃពោះដែលមិនចាក់វ៉ាក់ស៊ាំងបង្ការវីរុស Covid-19 ។

បច្ចុប្បន្នអ្នកជំនាញ នៅមិនទាន់អាចបញ្ជាក់បានពីផលអវិជ្ជមានច្បាស់លាស់ណាមួយដែលអាចកើតឡើងចំពោះស្រ្តីមានផ្ទៃពោះក្រោយបានចាក់វ៉ាក់ស៊ាំងបង្ការ វីរុសCovid-19 នៅឡើយទេ ក្រោមហេតុផលនៅមិនទាន់មានព័ត៌មានគ្រប់គ្រាន់អាចបញ្ជាក់បាននៅឡើយ ស្របពេលការសិក្សានៅកំពុងបន្តនៅឡើយ ។

មកដល់បច្ចុប្បន្ននេះ នៅមិនទាន់មានសេចក្ដីរាយការណ៍ ពីបញ្ហាធ្ងន់ធ្ងរណាមួយបានកើតចំពោះស្រ្តីមានផ្ទៃពោះក្រោយបានចាក់វ៉ាក់ស៊ាំងបង្ការវីរុស Covid-19នៅឡើយទេ ។ តាមរយៈការសិក្សាបែបវិទ្យាសាស្រ្ត សង្ឃឹមថាអ្នកវិទ្យាសាស្ត្រអាចស្វែងរកចម្លើយជាក់លាក់ទាក់ទងនឹងបញ្ហាខាងលើក្នុងពេលឆាប់ៗនេះ ៕