រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចផ្ទេរជាបណ្តោះអាសន្ននូវផ្សារ​បោះដុំបន្លែ ចេញពីផ្សារដើមគរទៅលក់ នៅផ្សារកួរស្រូវ ​​នៅតាមផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ​។

លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា រាល់បន្លែបង្ការ ដែលធ្លាប់នាំ​ចូលផ្សារដើមគ​ នឹងត្រូវផ្ទេរទៅកាន់តំបន់ផ្សារ ដែលបង្កើតជាបណ្តោះអាសន្ន នៅផ្សារកួរស្រូវដើម្បីបែងចែកទៅកាន់ផ្សារនានា ជំនួសផ្សារដើមគ​ ដែលត្រូវបានបិទ ដោយសារ​ការរីករាលដាល នៃជំងឺកូវីដ-១៩ ។

​​ផ្សារ​បណ្តោះអាសន្ន សម្រាប់ការបោះដុំបន្លែនេះ មានចម្ងាយប្រហែល​១៤គីឡូម៉ែត្រ ពីផ្សារដើមគ​ រាជធានីភ្នំពេញ។ រហូតមក​ដល់ពេលនេះ បន្លែបង្ការមួយចំនួន ត្រូវបានដឹកចូលទៅកាន់ទីនោះជាបណ្តើរៗ ដើម្បីនាំយកទៅផ្គត់ផ្គង់តាមតម្រូវការរបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ក៏ដូចជា ប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តនានាផងដែរ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ផ្សារដើមគ ជាផ្សារបោះបន្លែដ៏ធំមួយ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរសម្រេចបិទជាបណ្ដោះអាសន្ន ក្រោយរកឃើញអាជីវករ នៅក្នុងផ្សារនេះបាន​ឆ្លង​ជំងឺកូវីដ-១៩៕