បរទេស៖ ​គណៈកម្មការរៀបចំការប្រឡងបវរកញ្ញា បានទទួល​ព័ត៌មានថា ​​បេក្ខនារីប្រឡងបវរកញ្ញា រកឃើញ​​ឆ្លងកូវីដ-១៩ ប៉ុន្តែគេមិនបានប្រកាសភ្លាមៗ ដល់បេក្ខនារីផ្សេងទៀត ដើម្បីបង្ការនោះឡើយ ហើយចុងក្រោយគេរកឃើញស្រីស្អាតជាច្រើន និងជំនួយការផងដែរ មានឆ្លងកូវីដ-១៩ ។

Miss Eco International បាន​រៀបចំឡើងវិញ នៅក្នុងប្រទេសអេហ្ស៊ីប ដោយមានការចូលរួមពី កញ្ញាឯក មកពី៤០ប្រទេស នៅជុំវិញពិភពលោក ក្រោយការផ្អាក អស់រយៈពេលជាងមួយឆ្នាំ​ដោយសារ​កូវីដ-១៩។ ប៉ុន្ដែនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នាយប់ផ្តាច់ព្រ័ត្រនោះ គឺ​ស្រីស្អាតមកពីអាហ្វ្រិកខាងត្បូង នាង Gizzelle Mandy Uys បានទទួល​មកុដបវរកញ្ញា Miss Eco International ។ រីឯបវរកញ្ញាឯករង រួមមាន នាង Kelley Day (Philippines), Alexandria Kelly (អាមេរិក), Steffania Alejandra Rodriguez Vivas (Venezuela), Kristel Ruiz Freeman (Costa Rica) ។

គណៈកម្មការរៀបចំការបោះឆ្នោតបានទទួល​ព័ត៌មាន ក្រោយបញ្ចប់ការប្រឡង​ថា បវរកញ្ញាឯករងជនជាតិហ្វីលីពីន Kelley Day មានវិជ្ជមានកូវីដ-១៩ ហើយបេក្ខនារីផ្សេងទៀត ក៏ប្រកាសថា វិជ្ជមានកូវីដ-១៩​។ ករណីនេះក៏ដោយសារតែ​គណៈកម្មការរៀបចំការជ្រើសរើសបវរកញ្ញា ទើបធ្វើឲ្យបវរកញ្ញាមកពីប្រទេសផ្សេងៗ​ឆ្លងកូវីដច្រើនបែបនេះ។​

លោក Nawat Itsaragrisil ប្រធានគណៈកម្មការកម្មវិធី Miss Grand International និង Miss Grand Thailand បានបង្ហោះនៅសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ទាក់ទងនឹងការ​ឆ្លងកូវីដ-១៩ ​ផ្ទុះឡើងក្នុងកម្មវិធីប្រឡងបវរកញ្ញា Miss Eco International 2021 ​នៅក្នុងប្រទេសអេហ្ស៊ីប។

លោក Nawat Itsaragrisil ​បានថ្កោលទោសយ៉ាងពេញទំហឹង ចំពោះកម្មវិធីនេះ ជាពិសេសអ្នករៀបចំកម្មវិធី មានការធ្វេសប្រហែស ធ្វើឲ្យបេក្ខនារីចូលរួមប្រកួត បានឆ្លងមេរោគកូវីដ១៩ ហើយក្នុងនោះក៏មានបវរកញ្ញា​ថៃ គឺ Miss Eco Thailand មានឈ្មោះ Oil Jutamas ផងដែរ៕