រាជធានីភ្នំពេញ ៖ ស្នងការរងខេត្តកំពត និងបក្ខពួក២នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីជួយដូរគ្រឿងញៀនជិត២គីឡូ។

ការចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៩យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារ ខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់មានឈ្មោះ អ៊ឹម ឈួន ឋានន្តរសក្តិផ្កាយ១ អាយុ៥១ឆ្នាំ (រូបអាវពណ៌ក្រហម) ជាស្នងការរងខេត្តកំពត និងបក្ខពួក២នាក់ទៀតឈ្មោះ កែវ ទិត្យមេសា ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ ហុង គា ភេទប្រុស អាយុ៦១ឆ្នាំ។

ក្នុងការបង្ក្រាបនេះ សមត្ថកិច្ច ដកហូតសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ១៧៣៨.៣៣ក្រាម (ជិត២គីឡូ)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីចាត់ការតាមនីតិវិធីច្បាប់៕