រាជធានីភ្នំពេញ​៖​ អាជ្ញាធរ និងមន្រ្ដីសុខាភិបាល កាលពីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានចុះទៅនាំបុរសឆ្លងកូវីដ១៩ម្នាក់ ដើម្បីយកទៅព្យាបាល។​

លោក សុទ្ធ​ សុជាតិ​ ចៅសង្កាត់រងចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  បានឲ្យដឹងថា​ បុរសដែលរកឃើញវិជ្ជមាន នៃកូវីដ-១៩នេះ ​ឈ្មោះ យឹម​ យ៉ឹម​ អាយុ៣៥ឆ្នាំ​ ស្នាក់នៅ​បន្ទប់ជួលលេខ៧​ ផ្លូវលេខ៦(ត) ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។

លោកចៅសង្កាត់រងចោមចៅទី៣​ បានបញ្ជាក់ថា  កាលពីប៉ុន្មានថ្ងៃមុននេះ បុរសខាងលើ មានអាការមិនសូវស្រួល ក្នុងខ្លួន ទើបគាត់ធ្វើដំណើរដោយខ្លួនឯង ដើម្បីទៅពិនិត្យសំណាក នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រោយពេលពិនិត្យសំណាករួច ក្រុមគ្រូពេទ្យជំនាញបានរកឃើញថា​ គាត់មានវិជ្ជមាន នៃកូវីដ-១៩​ ទើបនៅយប់ ថ្ងៃទី​៦​ ខែមេសា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យបានចុះមកនាំគាត់ទៅសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ​៕