បរទេស៖ កោះតៃវ៉ាន់ មានហេតុការណ៍​​រថភ្លើងបុករថយន្ដដ៏រន្ធត់មួយ បានធ្វើឲ្យចំនួនអ្នកស្លាប់​កើនឡើងដល់៥១នាក់ និងមនុស្សជាង៦០នាក់ផ្សេងទៀត បានរងរបួស។ គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងផ្លូវក្រោមដីដ៏អាក្រក់ក្នុងប្រវត្ដិសាស្រ្ដរបស់ដែនកោះនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១។​

សារព័ត៌មានជប៉ុន NHK របស់ជប៉ុន បានផ្សាយថា តៃវ៉ាន់បានជួបនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ នៅក្នុងហេតុការណ៍​រថភ្លើងបុករថយន្ដ នៅក្នុងប្រវត្ដិសាស្រ្ដរបស់ខ្លួន។ ប៉ុន្ដែអាជ្ញាធរផ្លូវដែកបានបញ្ជាក់ថា មានមនុស្សយ៉ាងតិច​៥១នាក់ បានស្លាប់ និងអ្នកដំណើរជាង៦០នាក់ផ្សេងទៀតបានរងរបួស។ ​

​រថភ្លើងល្បឿនលឿនេះ បានដឹក​អ្នកដំណើរ ចំនួន៤៩០នាក់ ហើយ​រថភ្លើងបានបុកគ្នាជាមួយនឹងរថយន្ដ នៅក្នុង​ផ្លូវក្រោមដី នាឆ្នេរភាគខាងកើតដែនកោះតៃវ៉ាន់។ ​អាជ្ញាធរផ្លូវដែកកោះតៃវ៉ាន់ បានបញ្ជាក់ថា ​រថយន្ដចំនួន៤ ក្នុងចំណោម៨គ្រឿង បានរងការខូចខាតខ្ទេចខ្ទីអស់។ ចំណែក​ក្រុមអ្នកជួយសង្គ្រោះកំពុងតែពុះពារទៅជួយអ្នករស់រានមានជីវិត នៅក្នុងរថយន្ដ នៅក្នុងផ្លូវក្រោមដី​។

អាជ្ញាធរផ្លូវដែកកោះតៃវ៉ាន់​ បានប្រាប់សារព័ត៌មាន NHK ថា រថភ្លើងបានបុកយានយន្ដសាងសង់ផ្លូវ។ ប៉ុន្ដែ​មូលហេតុពិតប្រាកដ នៃគ្រោះថ្នាក់នេះ កំពុងស្ថិតក្នុងការស៊ើបអង្កេត​។​

ស្រ្ដីជាអ្នកដំណើរតាមរថភ្លើងម្នាក់ ដែលជួបនឹងគ្រោះថ្នាក់ចរាចរណ៍នោះ បានឲ្យដឹងថា មុនដំបូង រថភ្លើងកំពុងតែបើកបរ ក្នុងល្បឿនធម្មតា ខណៈនោះស្រាប់តែរថភ្លើងបានជាន់ហ្វ្រាំងឈប់ទាំងបង្ខំ។ ភ្លាមៗនោះនោះ គាត់មានអារម្មណ៍ ដូចជា យើងត្រូវបានគេបុក​ពីក្រោយ។​ គ្រោះថ្នាក់នេះ បានកើតឡើង នៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃសុក្រ (ទី២ ខែមេសា ឆ្នាំ២០២១)។ រថភ្លើងកំពុងធ្វើដំណើរ ពីភាគខាងជើង នៃកោះទៅភាគអាគ្នេយ៍ នៃទីក្រុងតាទុង៕